ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបមកហើយ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគេននូវរថយន្ដ Mazda CX9 មួយគ្រឿង ជូនដល់ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ គង់នៅវត្តកំផែង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង សម្រាប់ធ្វើដំណើរបំពេញបេសកម្មជូនជាតិ សាសនា ព្រះមហាក្សត្រនិងសង្គមរបស់អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា(ពអក) ពោលគឺក្រោយពីព្រះអង្គត្រូវបានតែងតាំងជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។
គួរបញ្ជាក់ថា ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ គឺជាព្រះសង្ឃមួយអង្គដែលមានចំណេះដឹងជ្រៅជ្រះក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្ត្រជាតិខ្មែរ និងព្រមទាំងមានចំណេះដឹងផ្នែកភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញផងដែរ។ អ្វីដែលកាន់តែពិសេសនោះ គេក៏តែងសង្កេតឃើញព្រះវត្តមានរបស់ព្រះអង្គនិមន្តចូលរួមក្នុងព្រឹត្តិការណ៍ធំៗទៀតផង។
ជាក់ស្តែងព្រះអង្គ ហាក់ សៀងហៃ តែងមានទឹកព្រះទ័យជ្រះថ្លាចែករំលែកចំណេះដូងយ៉ាងទូលំទូលាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក តាមរយៈឡាយវីដេអូបង្រៀនដល់ព្រះសង្ឃនិងពុទ្ធបរិស័ទ នូវភាសាខ្មែរ និងអង់គ្លេស ដែលធ្វើឲ្យប្រជពលរដ្ឋខ្មែរកោតសរសើរជាខ្លាំងតែម្តង។
ជាមួយគ្នានេះផងដែរ អ្វីដែលកាន់តែពិសេស និងរំភើបខ្លាំងបំផុតនោះ គឺខណៈពេលដែលព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ កំពុងបង្រៀនតាមរយៈផេក Buddhism for Education of Cambodia(BEC) ស្រាប់តែសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានចូលទស្សនាការបង្រៀនរបស់ព្រះអង្គ ហើយសម្តេចក៏បានខមិនលើកទឹកចិត្តយ៉ាងដូច្នេះថា៖ «សូមកោតសរសើរដែលបានបកស្រាយបានយ៉ាងល្អទាំងអត្ថន័យទាំងអក្សរសាស្ត្រ សូមបន្តកម្មវិធីនេះទៀត ព្រោះមានប្រយោជន៍ណាស់សម្រាប់ជាតិយើង»៕ ដោយ៖ លឹម ហុង