ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឱ្យកម្មករប្រមូលសំរាម ចូលធ្វើការងារជាធម្មតាវិញ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ប្រាក់អតីតភាពការងារទៅតាមដំណាក់កាល ហើយកម្មករនៅតែទទួលបានឱកាសការងារថ្មី នៅពេលក្រុមហ៊ុនចំនួន៣បើកប្រតិបត្តិការប្រមូលសំរាម។
នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី៦ ខែតុលានេះ ខណៈដែលលោកអញ្ជើញទៅបើកសម្ពោធដាក់ឲ្យប្រើប្រាស់អគារទីចាត់ការសាលាបឋមសិក្សាសន្ធរម៉ុក ដែលជាអំណោយរបស់លោកផ្ទាល់និងលោកស្រី។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅប៉ុន្មានថ្ងៃនេះ មានការកកស្ទះសំរាមយ៉ាងខ្លាំង ដោយសារកម្មករក្រុមហ៊ុនស៊ីនទ្រី ធ្វើកូដកម្មទាមទារប្រាក់អតីតភាព ។ ចំណុចនេះក្រសួងការងារ បានជម្រាបជូនហើយថា ប្រាក់អតីតភាពក្រសួង នឹងផ្តល់ជូនតាមដំណាក់កាល ខណៈដែលកម្មករទាំងអស់នោះ សុំបើកប្រាក់នោះផ្តាច់តែម្តងហើយឈប់ធ្វើការ ។
លោកបន្តថា ការទាមទារបែបនេះ ដោយសារពួកគាត់យល់ថា នៅថ្ងៃអនាគតដ៏ខ្លីនេះរដ្ឋបាលរាធានីភ្នំពេញ នឹងធ្វើការដេញថ្លៃយកក្រុមហ៊ុនចំនួន៣ មកប្រតិបត្តិការប្រមូលសំរាម ហើយគាត់គិតថា គាត់មិនបានចូលធ្វើការងារបន្ត ។ ក្នុងករណីនេះ លោកអភិបាល បានផ្ញើសារជូនកម្មករ កម្មការិនីទាំងអស់ថា ការបង្កើតឱ្យមានក្រុមហ៊ុន
ប្រមូលសំរាមចំនួនបីតំបន់នេះ គឺដើម្បីធ្វើយ៉ាងណាឱ្យការសំរាមក្នុងរាជធានីភ្នំពេញ មានភាពលឿនរហ័សបញ្ចៀសការកកស្ទះ ខណៈដែលក្រុមហ៊ុនទាំងអស់នោះ នឹងយកកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី ដែលមានការជួយពីរដ្ឋបាលរាជធានីភ្នំពេញមកបម្រើការងារដដែល ។ លោកសូមផ្ញើសារជូនកម្មករ កម្មការិនី អ្នកប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញទាំងអស់ថា មិនដូចការគិតរបស់បងប្អូនទេ កិច្ចការងារយកសំរាម ក្រុមហ៊ុនថ្មីមកក៏ត្រូវការកម្មករ ហើយកម្មករនឹងបន្តអតីតភាពការងារ ដោះស្រាយនៅដដែល ។ ឧទាហរណ៍ក្រុមហ៊ុនស៊ីនទ្រីដេញបានតំបន់ណាមួយនោះ ក្រុមហ៊ុនប្រតិបត្តិនៅតំបន់នោះ បើកម្មករលើសអាចដាក់ពាក្យទៅក្រុមហ៊ុនថ្មីមួយទៀត ដែលមានការជួយជ្រោមជ្រែងពីរដ្ឋបាលរាជធានីភ្នំពេញ ហើយប្រាក់អតីតភាព គឺមិនឱ្យគាត់មានការបាត់បង់នោះទេ សូមឱ្យបងប្អូនកម្មករយើងចូលធ្វើការវិញ។
លោកអភិបាលបានបញ្ជាក់ទៀតថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ អាជ្ញាធររាជធានីភ្នំពេញ បានបញ្ចេញរថយន្តប្រមូលសំរាមដែលទើបនឹងទិញថ្មីចំនួន៧០គ្រឿង រួមជាមួយកម្លាំងសន្តិសុខ និង ប្រជាការពារ រាប់សិបនាក់ ដើម្បីចេញប្រតិបត្តិការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ។
លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការកកស្ទះសំរាម សំណល់រឹង ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងតែឱ្យអាជ្ញាធរខណ្ឌទាំង១៤ ប្រមូលតាមខណ្ឌរៀងៗខ្លួន ។
សូមបញ្ជាក់ថា ចាប់តាំងពីល្ងាចថ្ងៃទី២ ខែ តុលា ឆ្នាំ ២០២០ រហូតមកដល់ពេលនេះ កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី បាននិងកំពុងធ្វើកូដកម្ម ដោយមិនចេញប្រមូលសំរាម ដែលធ្វើឱ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កន្លងមកនេះ រដ្ឋបាលរាជធានី ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាល
បានគិតគូរបញ្ហាសំរាមនេះ តាំងពីឆ្នាំ២០១៩មកម្លេះ ដោយបានទិញរឺម៉កកង់បីដឹកសំរាម ប្រគល់ទៅឲ្យគ្រប់សង្កាត់ទាំង១០៥ ខណ្ឌទាំង១៤និងផ្សារ ជាមួយនឹងការទិញរថយន្តសម្រាប់ដឹងសំរាមចំនួន៧០គ្រឿងផងដែរ ៕
ដោយ៖កូឡាប