ភ្នំពេញ៖ មួយរយៈពេលប៉ុន្មានសប្តាហ៍ ពោលគឺក្រោយភ្ជុំបិណ្ឌរួច ឃើញថាភ្លៀងបានធ្លាប់ជាបន្តបន្ទាប់នៅស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសតែម្តង។ ក្នុងនោះ តំបន់មួយចំនួនក៏បានលិចលង់ដោយសារតែជំនន់ទឹកភ្លៀងដ៏គំហុក។
ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថាប៉ុន្មានមកនេះភ្លៀងបានធ្លាក់ជាប់រហូត ដោយលាយឡំនឹងខ្យល់កន្ត្រាក់ខ្លាំងៗគួរឲ្យខ្លាចតែម្តង។ ជាក់ស្តែង ភ្លៀងលាយឡំខ្យល់បោកបក់ខ្លាំង បានធ្វើឲ្យរោងបុណ្យកឋិនមួយស្ទើរបើង ដែលធ្វើឲ្យអ្នកទៅចូលរួមពិធីបុណ្យសើចលែងសម ព្រោះរត់គេចចេញពីក្នុងរោងទាំងព្រលឹងចុងសក់។
ហេតុការណ៍បង្កឡើងដោយគ្រោះធម្មជាតិនេះ ត្រូវបានដឹងថាបានកើតឡើង កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ នៅក្នុងពិធីបុណ្យកឋិនមួយ ដែលត្រូវបានប្រារព្ធឡើងនៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជាមួយហេតុការណ៍ដ៏ញាក់សាច់នេះផងដែរ អ្នកនិយមលេងបណ្តាញសង្គម ក៏បានខមិនលេងសើចចំអកទៅកាន់អ្នកទៅបុណ្យកឋិនថា៖ «ចង់ហ្មង! ទទួលមគ្គផលរៀងៗខ្លួនសាធុៗៗ, នៅរដូវនេះមិនទាន់អស់ភ្លៀងទេ កុំទុក្ខចិត្តមេឃឲ្យសោះ, សរសើររោងនេះបារមីខ្លាំង ម៉ែអត់ប៉ើងខ្យល់ម្លឹងហើយ,…»៕ ដោយ៖ លឹម ហុង