ភ្នំពេញ៖ ករណីរថយន្តដឹកដីបើកបុកស្ទាវម្នាក់ក្នុងចំណោមគ្នីគ្នាប្រមាណ ៥-៦ នាក់ ដែលឈរជុំគ្នាជើងនៅលើដងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ បានបង្កឲ្យផ្ទុះកក្រើកពេញបណ្តាញសង្គមតែម្តង ដោយក្នុងនោះគេសង្កេតឃើញមហាជនសឹងតែ ៩៩% គាំទ្រខាងរថយន្តបង្ក ដោយសាទរថា «បុកងាប់១ព្រមាន១០០នាក់» ពិតជាល្អណាស់ ចំពោះទង្វើឈរឌឺឡានកណ្តាលថ្នល់ប្រភេទៗនេះ។
តែទោះយ៉ាងណា ដោយសារធ្វើទៅតាមផ្លូវច្បាប់ នៅទីបំផុត ម្ចាស់រថយន្តបង្កដែលមានឈ្មោះ វើក វន្នី អាយុ២៩ឆ្នាំ នៅភូមិស្ទឹង ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលព្រឹកថ្ងៃ៤ ខែតុលា ឆ្នាំ២០២០ នៅអធិការរដ្ឋានស្រុកកំពង់ត្រឡាច និងបញ្ជូនមកកាន់ស្នងការនគរបាលខេត្ត។
បើតាមប្រភពបានបញ្ជាក់ឲ្យដឹងថា ករណីរថយន្តដឹកដីបុកយុវជនម្នាក់ឈរនៅលើចិញ្ចើមផ្លូវ គឺបានកើតតាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មកម្ល៉េះ ស្ថិតនៅភូមិថ្មី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ហើយករណីនេះផងដែរ អ្នកបើករថយន្តបង្កក៏បានធ្វើការសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ ដោយចេញសំណងសងថ្លៃព្យាបាលទៅឱ្យខាងយុវជនដែលឈរឌឺនៅលើផ្លូវនោះរួចរាល់ផងដែរ។
តែយ៉ាងណាមិញ ជាមួយការឃាត់ខ្លួនបុរសអ្នកបើករថយន្តខាងលើ ឃើញថាបងប្អូនមហាជនជាច្រើន បានសម្តែងការសោកស្តាយ និងអាណិតជាខ្លាំង ជាពិសេសខណៈឃើញប្រពន្ធរបស់គាត់ក៏កំពុងពរពោះជិតគ្រប់ខែ និងមានកូនប្រុសតូចម្នាក់ទៀត។ ហេតុនេះ គេក៏បានស្នើដល់សមត្ថកិច្ច និងក៏ដូចតុលាការ សូមមានការយោគយល់មេត្តាកុំឃុំខ្លួនគ្នាអី ព្រោះជនរងគ្រោះដែលឈ្លើយក៏មិនស្លាប់ដែរ។
ដោយឡែក លោក ផែង វណ្ណៈ វិញ ក៏បានលើកឡើងមិនគាំទ្រដាច់ខាត និងស្អប់ខ្លាំងបំផុតចំពោះទង្វើឈរឌឺរបស់ស្ទាវទាំងនោះ ដោយលោកហៅសុទ្ធតែអាក្មេងពាលបាតសង្គម បើសិនជាប៉ះចំរូបលោកវិញ បើជ្រុលជាបុក គឺកិនក្បាលវាចោលហ្មងទៅកុំឲ្យវានៅចង្រៃដល់គេ…។ តែក្នុងនោះផងដែរ លោក ផែង វណ្ណៈ ក៏មិនគាំទ្រពួកអ្នកបើកឡានធំៗមួយចំនួនដែលព្រហើនៗ ដោយលោកស្នើដល់សមត្ថកិច្ចមើលពួកពាលៗបើកកុងតឺន័រផងដែលបើកដេញគ្នាយ៉ាងសាហាវៗដូចម៉ូតូអ៊ីចឹង អាហ្នឹងបើបុកគេគ្រោះថ្នាក់ចាប់ដាក់គុកអត់ខុសទេ៕ ដោយ៖ លឹម ហុង