ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំលើកទី២ ស្តីពី ការងារជំរុញផលិតកម្ម និងនាំចេញទំនិញក្រោមក្របខ័ណ្ឌតំបន់ និងទ្វេភាគី។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី៦ខែតុលាឆ្នាំ២០២០ នៅទីស្តីការ ក្រសួងពាណិជ្ជកម្ម។
លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកទី២ ស្តីពីការងារជំរុញផលិតកម្ម និងការនាំចេញទំនិញក្រោមក្របខ័ណ្ឌតំបន់ និងទ្វេភាគី ដើម្បីពិនិត្យឡើងវិញលើបញ្ជីមុខទំនិញ និងផលិតផលដែលមានសក្តានុពលរបស់កម្ពុជា សម្រាប់រៀបចំផែនការជំរុញការនាំចេញទៅទីផ្សារអន្តរជាតិក្រោមក្របខ័ណ្ឌតំបន់ និងទ្វេភាគី។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ដែលគ្រោងនឹងចុះហត្ថលេខាជាមួយដៃគូទេ្វភាគី និងពហុភាគី សំដៅលើកកម្ពស់ផលិតកម្មក្នុងស្រុក និងពង្រីកទីផ្សារនាំចេញ។
លោក ស៊ាង ថៃ ប្រធានអង្គប្រជុំបានលើកឡើងពីលទ្ធផលការងារ និងការឯកភាពគ្នាក្នុងកិច្ចប្រជុំលើកទី១ កាលពីខែកញ្ញាកន្លងទៅ ដូចជាការបង្កើតក្រុមការងារលេខាធិការដ្ឋាន និងក្រុមស្រាវជ្រាវឯកសារ ការកំណត់ទំនិញអាទិភាព និងការកំណត់ទម្រង់រៀបចំរបាយការណ៍ ដោយយកគំរូប្រហាក់ប្រហែលគោលនយោបាយដំឡូងមីកម្ពុជា ជាដើម។ លោក បានស្នើសុំថ្នាក់ដឹកនាំក្រសួង ពិនិត្យ និងចុះហត្ថលេខាលើប្រកាសដើម្បីបែងចែកភារកិច្ចដល់ក្រុមការងារតាមតួនាទីរៀងៗខ្លួន។
ក្រោមការផ្លាស់ប្តូរមតិយោបល់និងផ្តល់ធាតុចូលសំខាន់ ពីសមាជិកអង្គប្រជុំពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវ និងចងក្រងជាឯកសារ អង្គប្រជុំសម្រេចបានលទ្ធផលសំខាន់ៗដូចខាងក្រោម (១)-សិក្សាស្រាវជ្រាវលើផលិតផលមានស្រាប់ដែលអាចនាំចេញបានភ្លាមៗ -សិក្សាស្រាវជ្រាវលើផលិតផលសក្កានុពល សម្រាប់ធ្វើការនាំចេញពេលអនាគត (២)ផ្សព្វផ្សាយលទ្ធផលនៃការចរចារពាណិជ្ជកម្មដល់វិស័យឯកជន និងសុំធាតុចូលត្រឡប់វិញពីវិស័យឯកជន ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ និង (៣)រៀបចំបញ្ជីរាយមុខទំនិញសំខាន់ៗ និងវិភាគលើស្ថានភាពនៃការនាំចេញពេលកន្លងទៅ៕
ដោយ៖CEN