ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូ ការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦។
លោកជំទាវ និន សាផុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃរដ្ឋសភាបានជម្រាបជូនសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦ថា គណៈកម្មការទី៩រដ្ឋសភា ដោយមានកិច្ចសហការពីគណៈកម្មការទី៥ បានពិនិត្យនិងពិភាក្សាលើការស្នើសុំការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី រួចរាល់ហើយ ដោយការស្នើសុំនេះបានបំពេញត្រឹមត្រូវតាមបែបបទ និងនីតិវិធី។
ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦នេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបអំពីខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀង ព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាននៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចរាល់មក សម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦ក៏បានអនុម័តយល់ព្រមទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង ដោយមាន១១១សំឡេង។
លោករដ្ឋមន្ត្រី ក្នុងនាមតំណាងរាជរដ្ឋាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចចក្រីប្រធានអង្គប្រជុំ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃរដ្ឋសភាក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដែលបានអនុម័តយល់ព្រម នឹងសង្ឃឹមយ៉ាងមុតមាំថា ច្បាប់នេះនឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។
រាជរដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បេ្តជ្ញាសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាតិ-អន្តរជាតិឱ្យបានជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តច្បាប់នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។
គួរជម្រាបផងដែរថា កិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ាននិងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈការបន្តធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងការធ្វើឲ្យប្រសើរឡើងនូវនីតិវិធីគយ និងវិធានការនានា លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស និងរួមចំណែកដ៏សំខាន់ក្នុងការសម្រួលដល់ពាណិជ្ជកម្មនិងវិនិយោគឆ្លងដែន ព្រមទាំងកាត់បន្ថយនូវរបាំងចូលទីផ្សារ ដើម្បីជំរុញដល់ភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យម រវាងអាស៊ាន និងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន៕
ដោយ៖CEN