ភ្នំពេញ៖ ដូចដែលប្រិយមិត្តជាច្រើន បានទទួលជ្រាបរួចហើយ ចំពោះជំទាវ ស៊ុន កណ្ណិកា ដែលវិវត្តខ្លួនមកជាថៅកែជំនួញ Online ដែលថ្មីៗនេះ បានបង្កឲ្យមហាជនរិះគន់ឡើងកក្រើកហ្វេសប៊ុកតែម្តង ដោយសារមានការហួសចិត្តយ៉ាងខ្លាំង ទៅនឹងទង្វើនៃការអួតពីចំណូលរកស៊ីរបស់ខ្លួន ដោយបានបង្ហោះរូបភាពលុយដុល្លារទាំងដុំៗ និងសូម្បីទម្លាយឆាតជាមួយកូនក្រុមបាញ់លុយចូលកុងធនាគាររបស់ខ្លួនម្តង១លានដុល្លារឯណោះ ដែលពុំទាន់មានអ្នកណាម្នាក់អាចធ្វើរឿងនេះបាន។
តែយ៉ាងណា ក្រោយរឿងដ៏ហួសចិត្តនេះបានផ្ទុះឡើង នៅពេលនេះ ស៊ុន កណ្ណិកា បានចេញមុខបកស្រាយតាមការឡាយវីដេអូមួយកាលពីល្ងាចមិញនេះ (ថ្ងៃទី៦ ខែតុលា) ដោយបានធ្វើការសុំទោសដល់បងប្អូនទាំងអស់គ្នា ចំពោះអ្វីៗដែលរូបនាងបានធ្វើឡើងដែលបងប្អូនគិតថាមិនគប្បី។ ដោយឡែក ចំពោះរឿងលុយដុល្លារទាំងដុំៗនោះ ស៊ុន កណ្ណិកា ក៏សូមបញ្ជាក់ថា តាមពិតគឺជាលុយដែលរូបនាងរក្សាទុក (Save ចេញពី Google) ហើយដាក់នៅលើអេក្រង់ទូរស័ព្ទជាប់រហូត ព្រោះតែស្រឡាញ់រូបលុយហ្នឹងដែលមានចំនួនច្រើនបែបនេះ។
យ៉ាងណាមិញ ជាមួយនឹងកំហុសឆ្គងដទៃទៀតដែលបានកើតឡើងដោយអចេតនាផងដែរនោះ ជំទាវ ស៊ុន កណ្ណិកា ក៏បានទទួលស្គាល់ថាខ្លួនត្រឹមជាក្មេងស្រីមានអាយុទើបជាង២០ប៉ុណ្ណោះ (កើតឆ្នាំ១៩៩៧) ហេតុនេះ រូបនាងពុំអាចធ្វើអ្វីៗឲ្យត្រូវផ្គាប់ចិត្តបងប្អូនបានឥតខ្ចោះនោះទេ។ ប៉ុន្តែ បើទោះជាក្មេងពិតមែន តែរូបនាងមានសមត្ថភាពក្នុងការរកស៊ី ហើយមិនមែនតែត្រឹមហ្នឹងទេ គឺនៅវ័យច្រើនជាងហ្នឹងតទៀត។
បន្ថែមពីនេះ ស៊ុន កណ្ណិកា ក៏បានបង្ហោះសារមួយឃ្លាក្រោយឡាយសុំទោសជាសាធារណៈ ដោយបានលើកឡើងជុំវិញកំហុសឆ្គងរបស់មនុស្សម្នាក់ៗយ៉ាងដូច្នេះថា៖ «គ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយ សូម្បីតែខ្មៅដៃក៏មានជ័រលុបដែរ រៀនពីកំហុស ធ្វើខុស ចេះកែ ព្រោះជីវិតយើងត្រូវទៅមុខទៀត មិនមែននៅត្រឹមនិងទេណា បើគ្មានអ្នកណាអភ័យទោសអោយយើងគឺយើងអភ័យទោសឲ្យខ្លួនឯងប៉ុណ្ណឹងគ្រប់គ្រាន់ហើយ» ៕ ដោយ៖ លឹម ហុង