Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​៩​ខែ ឆ្នាំ​២០២០​នេះ រាជធានី​ភ្នំពេញ​ទទួលបាន​គម្រោង​សាងសង់​សំណង់​ថ្មី​ជាង​១០០០​គម្រោង លើ​ផ្ទៃដី​ជាង​៥​លាន​ម៉ែត្រក្រឡា ដែលមាន​ទំហំ​ទឹកប្រាក់​ជាង​២,៣​ពាន់​លាន​ដុល្លារ​

spot_img

ភ្នំពេញ​៖ ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២០​នេះ រាជធានី​ភ្នំពេញ បន្ត​ទទួលបាន​គម្រោង​សាងសង់​សំណង់​ថ្មី​ប្រមាណ​ជាង​១០០០​គម្រោង លើ​ផ្ទៃដី​សំណង់​សរុប​ជាង​៥​លាន​ម៉ែត្រក្រឡា ដែលមាន​ទំហំ​ទឹកប្រាក់​វិនិយោគ​ប៉ាន់ស្មាន​ជាង ២,៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ខណៈដែល​រាជធានី​ភ្នំពេញ​មាន​សំណង់​បុរី​ចំនួន​២៦៣​កន្លែង​និង​អាគារ​ខ្ពស់​ចំនួន​១៤២៤​អគារ ។​

នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ខណៈដែល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បើក​ការដ្ឋាន​សាងសង់ ផ្សារ​ទំនើប​អ៊ី​អន ម៉​ល​គម្រោង​ទី​៣ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុនសែន (​ផ្លូវ​៦០​ម៉ែត្រ​) ស្ថិតក្នុង​ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃទី​៧ តុលា​ឆ្នាំ​២០២០​នេះ​។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ន ដែល​កាលពីមុន​ល្បី​ថា ជា​វាលពិឃាត ជា​តំបន់​អសន្តិសុខ ជា​ចំការមីន ជាទី​ក្រុង​ខ្មោច ដែល​គេ​ភ័យខ្លាច​គ្រប់គ្នា​ឥឡូវ​បានប្រែក្លាយ​ទៅជា​ប្រទេសមួយ រាជធានី​មួយ​ដែលមាន​សន្តិសុខ​ពេញលេញ ជា​មជ្ឈមណ្ឌល​ផលិត​និង​ចែកចាយ​ទំនិញ​ជា​បណ្ដុំ នៃ​ការរស់នៅ​ប្រកបដោយ​ប្រណីតភាព​និង​ជា​តំបន់​ទេសចរណ៍​ដ៏​រស់​រវើក ដែល​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​វត្តមាន​ទីក្រុង​រណប​អាគារ​ពាណិជ្ជកម្ម​សំណង់​បុរី ខុន​ដូ និង​ផ្សារ​ទំនើប​ត្រូវបាន​សាងសង់​ឡើងជា​បន្តបន្ទាប់​នៅក្នុង​នោះ ជារួម​មាន​សំណង់​បុរី​ចំនួន​២៦៣​កន្លែង និង​អគារ​ខ្ពស់​ចំនួន​១៤២៤​អគារ ហើយ​ក្នុងនោះ​រយៈពេល​៩​ខែ​ឆ្នាំ​២០២០​នេះ យើង​បន្ត​ទទួលបាន​គម្រោង​សាងសង់​ថ្មី​ចំនួន​១០២០​គម្រោង លើ​ផ្ទៃដី​សំណង់​សរុប ជាង​៥​លាន​ម៉ែត្រក្រឡា​ដែលមាន​ទំហំ​ទឹកប្រាក់​វិនិយោគ​ប៉ាន់ស្មាន​ជាង ២,៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក បន្ថែមទៀត​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ កាន់​តែមាន​ភាពស្រស់​បំព្រង​មិន​ចាញ់​បណ្ដាល​ទីក្រុង នៃ​ប្រទេស​ក្បែរ​ខាង​និង​តំបន់​អាស៊ីអាគ្នេយ៍​ឡើយ​។​

លោក​ឃួ​ង ស្រេង បានបញ្ជាក់​ទៀតថា ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងទៅ​នេះ ផ្ដើមចេញពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ រវាង​រដ្ឋ​និង​ឯកជន​ប្រទេស​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៦ ក្នុងចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​ជាងគេ នៅលើ​ពិភពលោក តាមរយៈ​ការសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច ជា​មធ្យម​៧​ភាគរយ​ក្នុង​មួយឆ្នាំ ទន្ទឹមនឹង​ការកើនឡើង​នូវ​ផលិតផល​ក្នុងស្រុក​សរុប សម្រាប់​ប្រជាជន​កម្ពុជា​ម្នាក់ៗ ពី​ប្រមាណ​ជា​៧៣៨​ដុល្លារ នៅ​ឆ្នាំ ២០០៨ ដល់ ១៧០៦​ដុល្លារ​នៅ​ឆ្នាំ ២០១៩ និង​កំពុង​ឈាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ជា​ប្រទេស​ចំណូល​ខ្ពស់​នៅពេល​អនាគត​។​

លោក​ឃួ​ង ស្រេង​បាន​បន្តទៀតថា ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន អ៊ី​អន ម៉​ល ខេ​ម​បូ​ឌា ខូ អិ​ល​ធី​ឌី ដែល​បាន​បណ្ដាក់ទុន​បន្ថែម​សាងសង់​ជា​ផ្សារ​ទំនើប គម្រោង​ទី​៣ នៅ​រាជធានី​ភ្នំពេញ​នាពេលនេះ គឺជា​ការសម្រេចចិត្ត​វិនិយោគ​ដ៏​ត្រឹមត្រូវ ព្រោះថា​ផ្អែក​តាម​ប្លង់គោល​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ​ឆ្នាំ​២០៣៥ តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ត្រូវបាន​កំណត់ថា​ជា​តំបន់​អភិវឌ្ឍន៍​ថ្មី សម្រាប់​ទទួលបាន​គម្រោង​សំណង់​អគារ​ខ្ពស់ៗ ស្ថាបត្យកម្ម​ប្រណិត​ប្រណិត និង​ការអភិវឌ្ឍន៍​ទីក្រុងរ​ណ​ប ដើម្បី​ធានា​ដល់​ការប្រើប្រាស់​ដីធ្លី និង​សក្តានុពល​ដែលមាន​ស្រាប់​ក្នុង​ទីក្រុង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

លោក​ម៉ាសា​ហ៊ី​រ៉ូ មិ​កា​មិ (MASAHIRO MIKAMI) ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​លើកឡើង​ផងដែរ​ថា ផ្សារ​ទំនើប​អ៊ី​អន ម៉​ល ជា​ក្រុមហ៊ុន​របស់​ជប៉ុន បានដាក់​ទុន​រកស៊ី​នៅ​ស្រុក​ខ្មែរ ហើយ​តាមរយៈ អ៊ី​អន ម៉​ល ទី​១ និង​ទី​២ ក្នុង​១​ខែៗ ផ្សារ​ទំនើប​នីមួយៗ បានទទួល​អតិថិជន​បាន​ប្រមាណ​១​លាន​នាក់​។​

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ពាក់ព័ន្ធ​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ វា​ពិតណាស់ថា បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច មិន​ដូច ការរំពឹងទុក​របស់​យើង​នោះទេ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ នៅតែ​បន្ត​នូវ​គម្រោង​ទី​៣ របស់ខ្លួន នៅក្នុង​ការកសាង​នៅ​ផ្សារ​ទំនើប​អ៊ី​អន ម៉​ល​គម្រោង​ទី​៣​នេះ​ថែមទៀត ។
​លោក​ជឿជាក់ថា គម្រោង​កសាង​ផ្សារ​ទំនើប​អ៊ី​អន ម៉​ល​គម្រោង​ទី​៣​នេះ គ្រោង​នឹង​រួចរាល់​នៅក្នុង​ឆ្នាំ​២០២២ ហើយ​ក្រោយពី​បើក​ឲ្យ​ដំណើរការ វា​នឹងមាន​អតិថិជន​ប្រមាណ​ជា​១២​លាន​នាក់​ក្នុង​មួយឆ្នាំ​៕​ដោយ​៖​កូ​ឡាប​

spot_img
×