Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​សាធារណការ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ដឹកជញ្ជូន ដែល​មិនទាន់បាន​យក​យានយន្ត​ទៅ​ឆៀក សូម​យក​យានយន្ត ទៅ​ឆៀក​តាមច្បាប់​កំណត់​

spot_img

ភ្នំពេញ៖ នៅ​ថ្ងៃ​ពុធ​ទី​៧ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​(​ឆៀក​) សាខា​កំបូល រាជធានី​ភ្នំពេញ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង អគ្គ​នា​យិ​កា​ក្រុមហ៊ុន​CMVIC អាជ្ញាធរ​ដែនដី មន្ត្រីរាជការ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ផងដែរ​។​

​មណ្ឌល​ឆៀក​ថ្មី​នេះ​មាន​ផ្ទៃដី​ប្រមាណ​ជិត​១​ហិកតា សាងសង់ឡើង​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២០ និង​រួចរាល់ ជា​ស្ថាពរ​នៅ​ចុងខែ​កក្ត​ដា ឆ្នាំ​២០២០ មណ្ឌល​នេះ​រួមមាន​សំណង់​អគារ​ដែល​បំពាក់​ដោយ​ឧបករណ៍​ឆៀក​ចំនួន​ពីរ​ខ្សែ​ថ្មី ស៊េរី​ឆ្នាំ​២០១៩ ផលិត​នៅ​ប្រទេស​ចិន ក្នុងនោះ​រួមមាន​ឧបករណ៍​វាស់​ផ្សែង​សាំង វាស់​ផ្សែង ម៉ា​ស៊ូ​ត វាស់​ល្បឿន វាស់​ស៊ី​ផ្លេ វាស់​លំ​ងាក​ចង្កូត វាស់​បាច់​ពន្លឺ​ហ្វា​កូត ថ្លឹង​ទម្ងន់​យាន និង​វាស់​កម្លាំង ហ្វ្រាំង និង​មើល​ដោយ​ភ្នែក​៖ មើល​ជុំវិញ​យាន មើល​បាត​យាន ក្នុង​យាន និង​ប្រព័ន្ធ​ម៉ាស៊ីន​។​
​បច្ចុប្បន្ននេះ​មាន​មណ្ឌល​ឆៀក​យានយន្ត​សរុប​ចំនួន ១៥​កន្លែង និង​ឆៀក​ចល័ត ៣​គ្រឿង ក្នុងនោះ​រាជធានី ភ្នំពេញ​មាន ៦​កន្លែង និង​៩​កន្លែង​នៅតាម​ខេត្ត​ចំនួន​៩​ដូចជា​៖ ខេត្តបាត់ដំបង កំពង់ចាម សៀមរាប ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ក្រចេះ រតនគិរី និង​ខេត្តព្រះវិហារ ដោយឡែក​ឆៀក​ចល័ត​៣​គ្រឿង​កំពុង​ធ្វើ ប្រតិបត្តិការ​ឆៀក​របស់ខ្លួន​នៅតាម​ខេត្ត​ឆ្ងាយៗ​មួយចំនួន​ដែល​មិនទាន់មាន​មណ្ឌល​ឆៀក និង​គ្រោង​ស្ថាបនា​ទីតាំង​ចំនួន​៤​កន្លែង​ទៀត​នៅ​ឆ្នាំ​២០២១ និង​២០២២ នៅតាម​បណ្តា​នានា​ដូចជា​៖ ខេត្តកំពង់ធំ ស្វាយរៀង បន្ទាយមានជ័យ និង​ខេត្តកំពត​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន ជម្រាបជូន​ថា បន្ទាប់ពី​ការអនុវត្ត​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ប្រជាពលរដ្ឋ មានការ​ភ្ញាក់រលឹក​ច្រើន ហើយ​បច្ចុប្បន្ននេះ​មាន​ទិន្នន័យ យានយន្ត​ផុត​សុពលភាព​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ប្រមាណ ២៨%​។ ឯកឧត្តម​ក៏បាន បញ្ជាក់​ផងដែរ​ថា មកទល់ពេលនេះ​យើង​បាន ធ្វើការ​ផ្ញើ​សារ SMS ចេញទៅ​ក្រើនរំលឹក​ម្ចាស់​យានយន្ត ប្រមាណ ១២.០០០ នាក់​ហើយ ហើយ​យើង​ក៏​បន្ត​ផ្ញើ​សារ​នេះ​ដើម្បី​ជូនដំណឹង​ទៅកាន់​ពួកគាត់​ផងដែរ សំដៅ​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការផ្តល់​សេវាសាធារណៈ សេវា​ចាំបាច់ ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព និង​ឆាប់រហ័ស ជូន​បងប្អូន​ប្រជាពលរដ្ឋ ការដាក់ឱ្យ​ដំណើរការ​មណ្ឌល​ប្តូរ ឬ​ពន្យារ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​១ អ៊ី​អន ២ និង​ផ្សារ​ទំនើប​ជីបម៉ុង ណូ​រ៉ូ​ម៉​ល ដើម្បី​បង្ខិត​សេវា​នេះ​ទៅ​កៀក​ប្រជាពលរដ្ឋ ផ្តល់​ភាពងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ចង់​ប្តូរ ឬ​ពន្យារ​ប័ណ្ណបើកបរ ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​ចុះបញ្ជី​យានយន្ត ការដាក់​ពាក្យស្នើសុំ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​តាម​ប្រព័ន្ធ​អន​ឡាញ ការរៀបចំ​កម្មវិធី​ប​ប្រឡង​យក​ប័ណ្ណបើកបរ ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​យានយន្ត ការផ្ទេរកម្មសិទ្ធិ​យានយន្ត ដែល អាចឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុងការ​ស្នើសុំ​សេវា ស្របតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ​នាយក រដ្ឋមន្ត្រី​គឺ ធ្វើឱ្យបាន​លឿន ធ្វើឱ្យមាន​ប្រសិទ្ធភាព និង​ធ្វើឱ្យមាន​តម្លាភាព​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា ក្រសួង​នឹង​បន្ត​ខិតខំ​រក​នីតិវិធី​ផ្សេងទៀត​ដើម្បី ផ្តល់​សេវា​ងាយស្រួល​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​បន្ត​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត ដូចជា​៖ ការពង្រីក​និង​ពង្រឹងគុណភាព​ផ្លូវ ការសាងសង់​ស្ពាន និង​កំពង់ផែ​ជាដើម ដើម្បីឱ្យ​ប្រព័ន្ធ​ដឹក ជញ្ជូន​មាន​ភាព​ប្រកួតប្រជែង អាច​ដឹកជញ្ជូន​បាន​ក្នុង​តម្លៃថោក និង​អាច​ទាក់ទាញ​វិនិយោគិន​បង្កើត ការងារ​ធ្វើ បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​បន្តទៀតថា ទោះបី​ប្រទេស​យើង​ក៏​ដូច​សកលលោក​កំពុង​ប្រឈម​នឹង​បញ្ហា​ជំងឺ​កូ​វីដ​-១៩​យ៉ាងណាក្ដី ក៏​រាជរដ្ឋាភិបាល​នៅតែ​បន្ត​ស្ថាបនា​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ដឹកជញ្ជូន​ទាំង​ផ្លូវគោក ផ្លូវទឹក ផ្លូវដែក ស្ពាន និង​កំពង់ផែ​ឥតឈប់ឈរ​ឡើយ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ដឹកជញ្ជូន ដែល​មិនទាន់បាន យក​យានយន្ត​របស់ខ្លួន​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​សូម​យក​យានយន្ត​របស់ខ្លួន ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​តាមច្បាប់​កំណត់​មុន​នឹងធ្វើ​ចរាចរណ៍​ដើម្បី​ចូលរួមចំណែក​ក្នុងការ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ មិនត្រូវ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ និង​បាន​សំណូមពរ​ឱ្យ អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ មិនត្រូវ​ប្រើ គ្រឿង​ស្រវឹង និង​ទូរស័ព្ទ​ពេល​កំពុង​បើកបរ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ​។​

​ជា​ចុងក្រោយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​CMVIC​ខិតខំ​ប្រឹងប្រែង​ផ្តល់​សេវា​ឱ្យ បានល្អ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព ស្មើភាព និង​ខិតខំ​ស្វែងរក​បង្កើត មណ្ឌល​ឆៀក​បន្ថែមទៀត​នៅតាម​ខេត្ត ដើម្បី​ប​ង្វិ​ត​សេវា​នេះ​ទៅ​កៀក​នឹង​ប្រជាពលរដ្ឋ និង​បាន​ជំរុញ​ឱ្យ មន្ត្រី​ក្រសួង​សហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ផ្នែក​ឯកជន ដើម្បី​ពង្រឹង​និង​ពង្រីក​សេវាសាធារណៈ​នេះ ឱ្យបាន​ល្អ​ជូន​ប្រជាពលរដ្ឋ តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​៕​

ដោយ៖កូឡាប

spot_img
×