ភ្នំពេញ ៖ ផ្សារទំនើប AEON III ជាផ្សារធំជាងគេក្នុងតំបន់អាស៊ាន អភិវឌ្ឍន៍ដោយក្រុមហ៊ុនផ្សារទំនើប AEON Mall Co., Ltd ដែលជាប្រតិបត្តិករវិស័យលក់រាយធំជាងគេរបស់ជប៉ុន បានបើកការដ្ឋានសាងសង់ អ៊ីអនម៉លសាខាទី៣នៅកម្ពុជា បន្ទាប់ពីដំណើរការល្អនូវសាខាទី១ និងសាខាទី២រួចមក។
ការបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ផ្សារទំនើបអ៊ីអនម៉លទី៣ ឬផ្សារទំនើបអ៊ីអនម៉លមានជ័យនេះ មានការចូលរួមពីឯកឧត្ដម មីកាមី ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង។
ផ្សារទំនើបអ៊ីអនម៉លទី៣នេះ គ្រោងនឹងបើកដំណើរការ ជាផ្លូវការនៅឆ្នាំ២០២២ ខាងមុខ ហើយនឹងក្លាយជាសាខាផ្សារទំនើប AEON Mall ដែលធំជាងគេនៅក្នុងតំបន់អាស៊ាន។ នេះបើតាមសេក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃពុធទី ៧ តុលា ឆ្នាំ២០២០នេះ គម្រោងអភិវឌ្ឍន៍ផ្សារ ទំនើបនេះ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ឬផ្លូវ៦០ម៉ែត្រ) គ្របដណ្តប់លើទំហំផ្ទៃដី 174,000 ម៉ែត្រការ៉េ ដែលទំហំនេះធំជាងផ្សារទំនើបអ៊ីអនម៉លទី១ ពីរដង (68,000 ម៉ែត្រការ៉េ បើកដំណើរការឆ្នាំ២០១៤) និងធំជាងផ្សារទំនើបអ៊ីអនម៉ល សែន សុខ បន្តិច (151,000 ម៉ែត្រការ៉េ)។
អ្នកជំនាញខាងវិស័យដីធ្លី មើលឃើញថា ការអភិវឌ្ឍផ្សារទំនើបអ៊ីអនម៉លទី៣នេះ នឹងជួយអភិវឌ្ឍន៍ប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ឱ្យកាន់លេចធ្លោ ហើយថែមទាំងបង្កើនសក្តានុពលវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។
កញ្ញា លី សុខា ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យឯកទេសខាងទីផ្សារដីធ្លី Century 21 Zillion Holding ប្រចាំខណ្ឌមានជ័យ បានឱ្យដឹងថា វត្តមានផ្សារទំនើបមួយនេះ នឹងបង្កើតឱ្យមានបរិយាកាសរស់នៅ និងចរន្តសេដ្ឋកិច្ច អ៊ូអរជាងបច្ចប្បន្ន ខណៈដែលគម្រោងអភិវឌ្ឍន៍លំនៅឋានធំៗ និងផ្សារទំនើបផ្សេងៗទៀតកំពុងអភិវឌ្ឍនៅតំបន់នេះជាហូរហែរ។
កញ្ញា លី សុខា បានមានប្រសាសន៍ថា «វត្តមានផ្សារទំនើបនេះនឹងជួយបង្កើ នសន្ទុះទីផ្សារ ដីធ្លីថែមទៀតនៅក្នុងតំបន់ខណ្ឌមានជ័យ និង តំបន់ក្បែរៗគម្រោងនេះដូចជាខណ្ឌដង្កោ (ជាប់ព្រំប្រទល់នឹងខណ្ឌមានជ័យ) និង ទីតាំងដីក្នុងខេត្តកណ្តាល»។
គួរបញ្ជាក់ថា របាយការណ៍សន្ទស្សន៍ដីធ្លីរបស់ក្រុមហ៊ុនឯកទេសវាយតម្លៃអចលនទ្រព្យ Vtrust Appraisal បានបង្ហាញថា ទីផ្សារដីធ្លីនៅក្នុងខណ្ឌមានជ័យនាពេលបច្ចុប្បន្ន មានតម្លៃចាប់ពី ២០០ ដុល្លារ រហូតដល់ ៤៧០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដោយអាស្រ័យលើទីតាំងនៃដី៕ ដោយ ៖ CEN