ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានគេចាត់ទុកថា ជាស្ដេចដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា។ ទ្រង់បានតាំងពិធីរាជាភិសេក ឡើងសោយរាជ្យសម្បត្តិ ក្នុងឆ្នាំ ១១៨១ នៅក្នុងទីក្រុងដែលជាស្នាព្រះហស្ដរបស់ព្រះអង្គ (ក្រុងអង្គរធំ)។
ដោយឡែក ថ្មីៗនេះ ទង្វើដ៏មិនសមរម្យរបស់ម្ចាស់សណ្ឋាគារមួយ នៅក្នុងក្រុងព្រះសីហនុ បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងតែម្តង បន្ទាប់ពីបានយកបានយករូបព្រះសិរសាព្រះបាទជ័យវរ្ម័នទី៧ មកដាក់តាំងនៅលើរបងសណ្ឋាគាររបស់ខ្លួនយ៉ាងរំភើយ ដោយពុំបានគិតថានេះជាទង្វើដ៏ប្រមាថសោះឡើយ។
យោងតាមការបញ្ជាក់ពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះសីហនុ សហការជាមួយក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្ត បានចុះណែនាំដល់ម្ចាស់សណ្ឋាគារ នេតឈ័រ ឡាយហ៍ ( Nature Life ) ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងតម្រូវឲ្យម្ចាស់អាជីវកម្មធ្វើការផ្លាស់ប្ដូរនូវទីតាំងរូបព្រះសិរសា ព្រះបាទជ័យវរ្ម័នទី៧ ត្រូវយកទៅដាក់នៅកន្លែងដែលសមរម្យវិញ៕ ដោយ៖ លឹម ហុង