ភ្នំពេញ៖ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងថា បច្ចុប្បន្នជំនន់ទឹកភ្លៀងកំពុងវាយប្រហារ ខេត្តពោធិ៍សាត់ និងបាត់ដំបង ប៉ៃលិន រាជធានីភ្នំពេញ បង្កឱ្យដីស្រែ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងពីររងការខូចខាត។
យក្រសួងធនធានទឹក បានឲ្យដឹងថា នៅវេលាម៉ោង ២១និង០០នាទីយប់ថ្ងៃសុក្រទី៩ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្ត្រីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពទឹកដែលបានជន់លិចក្រុងពោធិ៍សាត់ ។
សូមជម្រាបជូនថា បន្ទាប់ពីទទួលបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើពីតំបន់ជួរភ្នំក្រវាញក្នុងកំឡុងពេលព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលព្យុះ និងវិសម្ពាធទាបនាប៉ុន្មានសប្តាហ៍កន្លងមកនេះ បានបណ្តាលឲ្យទឹកស្ទឹងពោធិ៍សាត់បានឡើងដល់កម្ពស់ ៥,៥២ម៉ែត្រ លើសកម្ពស់ទឹកប្រុងប្រយ័ត្ន ៥,០០ម៉ែត្រ ធ្វើឲ្យជន់លិចក្រុងពោធិ៍សាត់ អស់មួយផ្នែក ។
ដើម្បីដោះស្រាយ និងបន្ធូរសភាពទឹកស្ទឹងពោធិ៍សាត់ជន់លិចក្រុង ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ឲ្យក្រុមការងារ បច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយបុគ្គលិកជំនាញក្រុមហ៊ុន Guangdong Foreign Construction Co.Ltd បើកទ្វារទឹក(ទ្វា ០៤) នៅសំណង់ស្ទាក់ទឹកដំណាក់អំពិលទាំងយប់ ដើម្បីបន្ថយបរិមាណទឹកស្ទឹងពោធិ៍សាត់ ដោយបើកបង្ហូរទឹកទៅផ្នែកខាងក្រោមតាមស្ទឹងស្វាយដូនកែវ ហើយទម្លាក់ចូលទៅបឹងទន្លេសាប ។
បើតាមស្ថានភាពបន្ថយបរិមាណទឹកស្ទឹងពោធិ៍សាត់ទៅផ្នែកខាងក្រោម និងអាកាសធាតុមិនមានភ្លៀងបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ ទឹកស្ទឹងពោធិ៍សាត់នឹងឆាប់ស្រក ហើយវិលត្រលប់មកធម្មតាដូចមុនវិញ ។
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ខេត្តប៉ៃលិន នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ យប់ ក្រោយពេលមានភ្លៀងធ្លាក់យ៉ាងកំហុករយៈពេលជាង១ម៉ោង ដែលមានកម្រិតជាង៨០ មិល្លីម៉ែត្រ បានបង្ករឲ្យមានជំនន់ទឹកភ្លៀងជន់ចូលផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួនក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពីសកម្មភាពក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម បន្តអន្តរាគមន៍ និងការពារការយាយីដោយជំនន់ស្ទឹងព្រែកត្នោត នៅភូមិសាស្ត្រភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ៖
នៅវេលាម៉ោង ២០និង០០ យប់ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ ២០២០ នេះ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងជាប្រធានមុខព្រួញខេត្តកណ្តាល លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម និងក្រុមការងារបច្ចេកទេសក្រសួង បានចុះយកបាវខ្សាច់បិទពីលើសន្លឹកទ្វារទឹកនៅសំណង់ទ្វារទឹក១៥ ស្ថិតក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដើម្បីការពារលំហូរទឹកមានកម្ពស់ខ្ពស់ជាងទ្វារទឹក ហូរចូលមកប៉ែកខាងរាជធានីភ្នំពេញ ។
សូមជម្រាបជូនថា កម្ពស់ទឹកនៅទ្វារទឹកទំនប់៧មករា នាពេលនេះគឺមានកម្ពស់ ៨,១ ម៉ែត្រ លើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននៅកម្រិត ៧,០០ ម៉ែត្រ ។
ស្ថានភាពទឹកនៅទីតាំងប្រឈម បន្តស្ថិតនៅក្នុងសភាពប្រុងប្រយ័ត្នដដែល ដោយក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម នៅបន្តតាមដាន និងប្រចាំការ ២៤ម៉ោង តាំងពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០មក ដើម្បីអន្តរាគមនចំពោះជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោតនេះ ៕ដោយ៖បញ្ញាស័ក្តិ