ស្រុកមោងឬស្សីបាត់ដំបង៖ មន្ត្រីជំនាញជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថាការរៀបចំឥណទានឡើងវិញនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩មានសារសំខាន់និងផ្ដល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់អតិថិជន។
លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូ របស់ធនាគារជាតិនៃកម្ពុជាថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាដែលរៀបចំធ្វើនៅស្រុកមោងឬស្សីខេត្តបាត់ដំបងនៅថ្ងៃទី៩ ខែតុលាឆ្នាំ២០២០ថាដោយមើលឃើញពីអត្ថប្រយោជន៍នៃការរៀបចំឥណទានឡើងវិញសម្រាប់អតិថិជននៅក្នុងកំឡុងពេលកូវីដ១៩នេះកាលពីថ្ងៃទី២៧ខែមីនាឆ្នាំ២០២០ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំមួយស្ដីពីការរៀបចំឥណទានឡើងវិញក្នុងគោលបំណងដើម្បីសម្រាលបន្ទុកដល់អ្នកខ្ចីដែលកំពុងប្រឈមនិងនឹងការធ្លាក់ចុះប្រាក់ចំណូលចម្បងនិងមានការលំបាកក្នុងការទូរទាង់សង។ជាមួយនេះដែរក៏ដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងកំឡុពេលកូវីដនេះផងដែរ។
លោកបានពន្យល់ថា៖«អ្វីដែលជាអត្ថប្រយោន៍ដែលអតិថិជនយើងទទួលបានទៀតនោះគឺការផ្ដល់ជូនអតិថិជននូវភាពអនុគ្រោះផ្សេងៗមួយចំនួនទៀតផងដែរដូចជាការពន្យាលពេលនិងបញ្ចុះអាត្រាការប្រាក់ ,ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន,ការពន្យារឥណប្រតិទាន(ពេលសង)និងការបន្ថែមឬការផ្ដាស់ប្ដូរអ្នកខ្ចីនិងអ្នកធានាជាដើម។
លោកប្រធាននាយកដ្ឋានបានឲ្យដឹងដែរថាគិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២០ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានធ្វើការរៀបចំឥណទានឡើងវិញដល់អតិថិជនដែលកំពុងជួបប្រទះការលំបាកដោយសារវីរុសកូវីដ១៩បានចំនួនជាង ២៨ម៉ឺននាក់ក្នុងទំហំទឹកប្រាក់ចំនួន៤.៤៣៦,៥១ លានដុល្លារអាមេរិក (១១,៩២% នៃសមតុល្យឥណទានសរុប)។
លោក គា បូរាណ ប្រធាក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថានៅក្នុងកាលៈទេសៈដ៏លំបាកបណ្តាលមកពីជំងឺកូវីដ១៩ សមាគមបានធ្វើការងារនេះយ៉ាងសកម្មជាមួយសមាជិកនិងដៃគូពាក់ព័ន្ធនានា ជាពិសេស ធនាគារជាតិនៃកម្ពុជាដើម្បី ជួយដល់អតិថិជនដែលរងផលប៉ះពាល់នេះ។
លោកបានបន្ថែមថាគិតត្រឹមថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២០អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចំនួនជាង២៧ម៉ឺន៦ពាន់នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញ។ ក្នុងនោះអតិថិជនចំនួន ជិត២៦ម៉ឺននាក់ស្នើជាង៩៤%នៃអតិថិជនដែលបានស្នើសុំ បានទទួលការអនុញ្ញាតរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានសរុបចំនួន ១.២៦០ លានដុល្លារ។
ជាចុងក្រោយលោក ម៉ែន ភក្តី បានស្នើសុំដល់អាជ្ញាធរមូលដ្ឋាននិងអ្នកពាន់ពន្ធ័ទាំងអស់ចាំបាច់ត្រូវតែមានការដឹងយល់ឲ្យបានច្បាស់អំពីការងារនិងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុដើម្បីធ្វើជាមូលដ្ឋានសម្រាប់គាំទ្រនិងជួយប្រជាពលរដ្ឋរបស់ខ្លួនដើម្បីកុំឲ្យពួកគាត់ជាប់បំណុលវ័ណ្ឌករនិងរងការកេងប្រវ័ញ្ចនានាពីក្រុមឈ្មួញ ឬអ្នកឲ្យខ្ចីបុលក្រៅផ្លូវការ៕ ដោយ ៖ CEN