ភ្នំពេញ៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០ ហើយព្រមទាំងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។
លោក វ៉ាង យី នឹងមានជំនួបប្រជុំផ្លូវការជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។
សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារសំខាន់០២ ទៀត រួមមាន លិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក វ៉ាង យី មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងចិន ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលនៃជំងឺកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន។
យោងតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសកម្ពុជាបានធ្វើការចុះបញ្ជីទំនិញប្រមាណជា ៣៤០ មុខទំនិញទៀត ដើម្បីនាំចេញទៅកាន់ប្រទេសចិនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA ) កម្ពុជា-ចិន ដែលនាំឱ្យប្រភេទមុខទំនិញសរុប ដែលនាំចេញទៅកាន់ប្រទេសនេះមានចំនួនច្រើនជាង ១០ ០០០ ប្រភេទ ខណៈដែលផលិតផលភាគច្រើនគឺបានមកពីវិស័យកសិកម្ម ការកែច្នៃកសិផល និងផលិតផលផ្សេងទៀតដែលប្រទេសកម្ពុជាបានទទួលពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានចិន៕ ដោយ ៖ CEN