បាត់ដំបង៖ ខណៈពេលទឹកជំនន់កំពុងវាយលុកខេត្តបាត់ដំបង ជាពិសេសនៅក្នុងស្រុកភ្នំព្រឹក បណ្ដាលឲ្យប្រជាពលរដ្ឋជាច្រើននាក់ បានរងគ្រោះភៀសខ្លួនទៅរកទីទួលសុវត្ថិភាព ប៉ុន្តែទោះយ៉ាងណាមានស្ត្រីម្នាក់មានទម្ងន់គ្រប់ខែ ដល់ថ្ងៃឆ្លងទន្លេហើយនោះ ពុំអាចធ្វើដំណើរចេញពីផ្ទះរបស់ខ្លួនបាននោះទេ។ ដោយជាប់គាំងនៅក្នុងទឹកជំនន់ ធ្វើឲ្យស្ត្រីរូបនោះឈឺពោះសម្រាលកូន។ ប៉ុន្តែទោះយ៉ាងណា ដោយមានការជួយជ្រោមជ្រែងពីក្រុមគ្រូពេទ្យជំនាញ បានជួយស្ត្រីរូបនោះសម្រាលកូន ដោយសុវត្ថិភាពហើយ និងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកសំពៅលូន ដើម្បីថែទាំសុខភាពបន្ត។
បើតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តបាត់ដំបង សូមគោរពរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ថា ប្រជាពលរដ្ឋម្នាក់ឈឺពោះសម្រាលកូន ដែលជាប់គាំងដោយសារទឹកជំនន់នៅភូមិដំណាត់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានសម្រាលកូនដោយសុវត្ថិភាព ហើយនិងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកសំពៅលូន ដើម្បីថែទាំសុខភាពបន្តក្រោមការជួយអន្តរាគម៍ ពីថ្នាក់ដឹកនាំនៅមូលដ្ឋាននៅថ្ងៃទី១០តុលានេះ ៕ដោយ៖បញ្ញាស័ក្តិ