ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលសម្រាប់ថវិកាជាតិបានចំនួន ៩.០១៥,០៨ ប៊ីលានរៀល (ប្រមាណ ២.២២៥,៩៥ លានដុល្លារអាមេរិក) កើនឡើង៣,៧១% ក្នុងរយៈពេល៩ខែឆ្នាំ២០២០ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារគូសបញ្ជាក់ថា ឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្ហាញនូវសញ្ញា និងផលប៉ះពាល់ជាអវិជ្ជមាន មកលើចំណូលពន្ធ ជាពិសេសប្រភេទពន្ធ និងវិស័យសំខាន់ៗក្នុងត្រីមាសទី៣នេះ។
លោក គង់ វិបុល បានជំរុញប្រធានអង្គភាព ក្រោមឱវាទទាំងអស់ ត្រូវពង្រឹងកិច្ចសហការរវាងអង្គភាព-អង្គភាព ចំណុះអគ្គនាយកដ្ឋានពន្ធដារ និងអន្តរក្រសួង-ស្ថាប័ន និងដែល បានដាក់ចេញដោយអគ្គនាយក
ដ្ឋានពន្ធដារ ក្នុងន័យបង្កើន ប្រសិទ្ធភាព និងតម្លាភាព ដល់ការប្រមូលពន្ធ ព្រមទាំងបាន ក្រើនរម្លឹកនិងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់ថា ទោះបីជាមាន ផលប៉ះពាល់ដល់សេដ្ឋកិច្ច ដែល ជះឥទ្ធិពលពីជំងឺកូវីដ-១៩ អគ្គនាយកដ្ឋានពន្ធដារ ត្រូវបន្តពង្រឹង ផែនការសកម្មភាពបន្ថែម និងបន្តពង្រឹងវិធានការអន្តរាគមន៍ បន្ទាន់របស់រាជរដ្ឋាភិបាល ដើម្បីទ្រទ្រង់វិស័យទេសចរណ៍, វិស័យ អាកាសចរ, វិស័យកសិកម្ម និងការចិញ្ចឹមសត្វ, និងវិស័យកាម្មន្ត សាលទូទៅ និងវិធានការ អន្តរាគមនា៍នានាដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
លោកក៏បានណែនាំដល់គ្រប់ អង្គភាពឱ្យបន្តខិតខំពង្រឹងការ អនុវត្តច្បាប់ និងវិន័យការងារ ប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់។ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រមូល ចំណូលពន្ធ និងឈានទៅសម្រេចឱ្យសម្រេចតាមផែនការដែល បានកំណត់ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយ កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល៕
ដោយ៖CEN