ភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០នេះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ICT ដែលមាន Cellcard, Ezecom និង Wing មានកិត្តិយសទទួលបានពានរង្វាន់និយោជិកល្អជាងគេបំផុតប្រចាំទ្វីបអាស៊ី ២០២០ (Asia’s Best Employer Brand awards 2020 ) នៅក្នុងព្រឹត្តិការណ៍ World HRD Congress នាថ្ងៃសៅរ៍ ទី ១០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ។
គួររំលឹកផងដែរថា ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់និយោជិកប្រចាំទ្វីបអាស៊ីរបស់ World HRD Congress លើកទី ១ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងឆ្នាំ ២០១០។ ប៉ុន្តែដោយឡែក សម្រាប់កម្មវិធីប្រគល់ពានរង្វាន់នាឆ្នាំនេះវិញ គឺត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយសារតែមានការរឹតត្បិតដែលបណ្តាលមកពីផលប៉ះពាល់នៃជម្ងឺរាត្បាតកូវីដ ១៩។ World HRD Congress គឺជាអង្គការឯករាជ្យមិនសំដៅប្រាក់ចំណេញ ដែលមានគោលបំណងជួយធ្វើឱ្យ “ការងារ និងជីវិតការងារកាន់តែមានភាពប្រសើរឡើង” ។
ការទទួលបាននូវពានរង្វាន់ដ៏មានកិត្យានុភាពទាំងនេះ គឺជាសក្ខីភាពដែលបញ្ជាក់ឱ្យឃើញច្បាស់នូវចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សម្រាប់ឌីជីថលនីយកម្មកម្ពុជា។
បន្ទាប់ពីការប្រកាសនូវការទទួលពានរង្វាន់ទាំងបួននេះ អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ “ខ្ញុំសូមចូលរួមអបអរសាទរដល់ថ្នាក់ដឹកនាំទាំងអស់នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង ចំពោះការបំពេញជាគំរូដ៏ល្អ ប្រកបដោយភាពខ្លាំង រឹងមាំ និងមានគំនិតច្នៃប្រឌិតខ្ពស់ នៅក្នុងអំឡុងពេលនេះ។ បើទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតយ៉ាងណាក៏ដោយ យើងទាំងអស់គ្នានៅតែរក្សាគោលជំហរយ៉ាងរឹងមាំ ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យតែមួយរបស់យើង ដែលជាការរួបរួមគ្នាជាធ្លុងមួយ ពោលគឺមិនត្រឹមតែបង្រួបបង្រួមផ្នែកប្រតិបត្តិការ និងផែនការហេដ្ឋារចនាសម្ព័ន្ធរបស់យើងប៉ុណ្ណោះទេ តែថែមទាំងរួបរួមសមាជិកនៅក្នុងក្រុម ស្របពេលដែលយើងកំពុងធ្វើការគាំទ្រគ្នាទៅវិញទៅមក ក៏ដូចជាខិតខំពង្រឹងនូវការផ្តល់សេវាកម្មរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជូនដល់ប្រជាជនកម្ពុជាផងដែរ។
សព្វថ្ងៃនេះ បងប្អូនពលរដ្ឋខ្មែរជាង ៧០% កំពុងចូលរួមប្រើប្រាស់ និងធ្វើប្រតិបត្តិការជាមួយផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ ក្នុងនាមជាក្រុមហ៊ុនដែលមានកម្មសិទ្ធទាំងស្រុងជាជនជាតិខ្មែរ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនឹងធានាឱ្យបានថា ខ្លួននឹងយកចិត្តទុកដាក់បម្រើអតិថិជនជាធំ ពោលគឺយកចិត្តទុកដាក់បម្រើអតិថិជនទាំងនៅតាមទីក្រុងនិងតំបន់ដាច់ស្រយាល ទាំងអ្នកធូរធារ និងអ្នកខ្សត់ខ្សោយ រួមទាំងមនុស្សគ្រប់វ័យផងដែរ។
អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមឱ្យដឹងទៀតថា៖ “យើងអាចប្រមូលផ្តុំនូវកម្លាំងក្រុមការងាររបស់យើង ដើម្បីឈានទៅសម្រេចលទ្ធផលបានហួសពីការរំពឹងទុក តាមរយៈការផ្តល់ជូននូវសេវាកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ការបង្កើតផលិតផលថ្មីៗ និងការស្វែងរកនូវមធ្យោបាយថ្មីៗដើម្បីគាំទ្រដល់អតិថិជន ក៏ដូចជាជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ពីព្រោះពួកយើងយកចិត្តទុកដាក់ និងយល់នូវទុក្ខលំបាកដែលមនុស្សជាច្រើនគ្នាកំពុងប្រឈមជាមួយ ក្នុងពេលបច្ចុប្បន្ននេះ។
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ Cellcard, Ezecom និង Wing ពិតជាមានមោទនភាពបំផុត ដែលបានបម្រើពលរដ្ឋខ្មែរ និងក្លាយជាផ្នែកមួយនៃការជួយប្រទេសកម្ពុជាឱ្យងើបឡើងវិញផងដែរ៕
ដោយ៖CEN