ខេត្តព្រះសីហនុ៖ សាធារណៈជន ពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិ បានបន្តរិះគន់ចំពោះការគ្រប់គ្រងកាកសំណល់រឹងរាវគ្រប់ប្រភេទ របស់រដ្ឋបាលខេត្តព្រះសីហនុ ថាមិនទាន់បានគ្រប់គ្រងឲ្យមានរបៀបរៀបរយនៅឡើយទេ ដោយទឹកស្អុយបានបន្តបង្ហូរតាមផ្លូវ និងតាមលូចូលទៅក្នុងសមុទ្រ ដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាតជាមុននោះទេ។
ភ្ញៀវទេសចរជាតិ ដែលបានចូលទៅទស្សនាខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍ ទី10ខែកុម្ភៈ ឆ្នាំ2018 បានឲ្យអ្នកយកព័ត៌មានគេហទំព័រ CEN.COM.KH ប្រចាំខេត្តព្រះសីហនុ ដឹងថា គេឃើញមានទឹកស្អុយបានបន្តហូរចេញពីគម្របលូ នៅតាមដងវិថីអមឆ្នេរអូរឈើទាល ត្រង់ចំណុចផ្លូវកែងប្រសព្វគ្នា នៅទល់មុខអតីតបញ្ជាការដ្ឋានកងរាជអាវុធខេត្តព្រះសីហនុ និងមានចម្ងាយប្រហែល ៣០០ម៉ែត្រ ពីភូមិគ្រឹះលំហែរកាយ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមគ្នាទឹកស្អុយបានហូរពាសពេញផ្លូវសាធារណៈ ដែលជាផ្លូវសំខាន់មានភ្ញៀវទេសចរចម្រុះជាតិសាសន៍ ធ្វើដំណើរឆ្លងកាត់ តាមបណ្តោយឆ្នេរអូរឈើទាលនោះ គេសង្កេតឃើញថា ក៏មានគំនរសំរាម បានគររាយរប៉ាត់របាយតាមចញ្ចើមផ្លូវ និងតាមសួនច្បារនៅពីមុខ និងចំហៀងផ្ទះសំណាក់មួយនៅទីនោះ។
ភាពអសកម្មនៃការបំពុលបរិស្ថាននេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋមួយចំនួន រស់នៅខេត្តព្រះសីហនុ បានស្នើដល់មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ជួយជួសជុលប្រព័ន្ធលូបង្ហូរទឹកស្អុយ នៅតាមបណ្តោយឆ្នេរអូរឈើទាល ផ្លូវទល់មុខវិមានលំហែកាយ របស់ សម្តេច ហ៊ុន សែន ឲ្យបានល្អ និងមានសោភ័ណ្ឌភាពឡើងវិញ។
ផ្តើមពីបញ្ហានេះ សាធារណៈជនទូទៅ ពិសេសភ្ញៀវទេសចរជាតិ ដែលបានចូលមកដល់ខេត្តព្រះសីហនុ ខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រ ដែលជាប់ចំណាត់ថ្នាក់លំដាប់ពិភពលោកមួយនេះ គឺយត្រូវរក្សាបរិស្ថាន អនាម័យ នៅក្នុងទីប្រជុំជន និងតាមឆ្នេរសមុទ្រ ឲ្យមានអនាម័យជាប្រចាំ។ ក្នុងនោះ រដ្ឋបាលក្រុង-ខេត្ត ព្រះសីហនុ ចាំបាច់ត្រូវស្ថាបនា ឬអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធលូសម្រាប់បង្ហូរទឹកស្អុយ ឲ្យបានស្អាតជាថ្មីឡើងវិញ ព្រោះរាល់ថ្ងៃនេះ ប្រព័ន្ធលូបង្ហូរទឹកស្អុយ នាមូលដ្ឋាននេះមួយចំនួន ត្រូវបានខូចខាតស្ទើរទាំងស្រុង ដែលទាមទារ ឲ្យមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធកែលម្អ ឬជួសជុលជាជាបន្ទាន់ឲ្យបានឆាប់។
ប្រជាពលរដ្ឋខេត្តព្រះសីហនុ និងភ្ញៀវទេសចរជាតិ ដែលចូលមកទស្សនាខេត្តជាប់ឆ្នេរសមុទ្រមួយនេះ បានសំណូមពរដល់ប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា គួរជ្រើសរើសអ្នកជំនាញខាងរៀបចំសោភណ្ឌភាព ទីក្រុង ពិសេសសោភណ្ឌភាពឆ្នេរសមុទ្រ ឲ្យបានល្អ សម្រាប់ជាការទាក់ទាញកំណើនភ្ញៀវទេសចរ ពិសេសភ្ញៀវអន្តរជាតិឲ្យបានច្រើនថែមទៀត តាមរយៈជួយជម្រុញលើគម្រោងព្រងីកទីក្រុង សួនច្បារ ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធលូបង្ហូរទឹកស្អុយ ដើម្បីរំដោះទឹកចេញពីក្រុង មុននឹងបង្ហូរចូលសមុទ្រ ឲ្យបានត្រឹមត្រូវ និងឲ្យក្លាយជាទេសភាពបៃតងនាថ្ងៃអនាគត។
ទោះជាបែបនេះក្តី គេសង្កេតឃើញថា រដ្ឋបាលខេត្តព្រះសីហនុ បានបំផុសចលនា ដល់មន្ត្រីនៅតាមមន្ទីរស្ថាប័នពាក់ព័ន្ធ ក្រោមឱវាទរដ្ឋបាលខេត្ត ឲ្យចុះសំអាតបរិស្ថាន ឬដើររើសសំរាម នៅតាមដងផ្លូវសាធារណៈ និងនៅតាមឆ្នេរសមុទ្រមួយចំនួន នៅថ្ងៃចុងសប្តាហ៍ ឬធ្វើជាប្រចាំខែនីមួយៗ។ ក្នុងនោះ ក៏បានស្ថាប័នផ្លូវ ស្តារអូរ និងស្ថាបនាប្រព័ន្ធលូបង្ហូរទឹក បានជាច្រើនទីតាំងជាបន្តបន្ទាប់មកនេះ៕ ដោយ៖ យូបួន ណារិទ្ធ