Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នាំចេញ​ផលិតផល​ក្នុងតម្លៃ​ជាង ៤​ពាន់​លាន​ដុល្លារ ទៅកាន់​ទីផ្សារ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​

​ភ្នំពេញ​៖ ស្ថិតិ​របស់​ការិយាល័យ​ជំរឿន​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា គិតពី​ខែមករា ដល់​ខែសីហា ឆ្នាំ​២០២០ ពោលគឺ​៨​ខែ​ឆ្នាំនេះ កម្ពុជា បាន​នាំចេញ​ផលិតផល​របស់ខ្លួន ក្នុងតម្លៃ ៤០៩៦ លាន​ដុល្លារ​អាមេរិក ទៅកាន់​ទីផ្សារ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​។ ចំនួន​នេះ បាន​កើនឡើង​ប្រមាណ ២២​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩ កន្លងទៅ​។​

​ក្នុង​រយៈពេល ៨​ខែ ឆ្នាំនេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក បាន​កើន​ឡើងដល់ ៤២៩៤​លាន​ដុល្លារ ពោលគឺ​បាន​កើនឡើង ១៥,៦ ភាគរយ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ កាលពី​ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី បាន​ឈានដល់​ទំហំ​ទឹកប្រាក់​ចំនួន ៥,៨ ពាន់​លាន​ដុល្លារ កើនឡើង ៣៧​ភាគរយ បើ​ប្រៀបធៀប​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។

ប្រទេស​កម្ពុជា បាន​នាំចូល​ទំនិញ ក្នុង​ទឹកប្រាក់​សរុប ៣៥៥​លាន​ដុល្លារ ពី​សហរដ្ឋអាមេរិក ពោលគឺ​ធ្លាក់ចុះ ៤៤​ភាគរយ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ទំនិញ​ដែល​បាន​នាំចូល​ពី​សហរដ្ឋអាមេរិក​មកកាន់​កម្ពុជា​វិញ មានដូចជា យានយន្ត ចំណី​សត្វ និង​គ្រឿង​ម៉ាស៊ីន ជាដើម​។ ដោយឡែក កម្ពុជា​បាន​នាំចេញ​នូវ​ផលិតផល វាយ​ន​ភណ្ឌ​ជាច្រើន ដូចជា សម្លៀកបំពាក់ ស្បែក​ជើង កាបូប សម្ភារ​ធ្វើដំណើរ និង​ផលិតផល​កសិកម្ម ទៅកាន់​ទីផ្សារ​អាមេរិក​។

​សូម​ជម្រាបជូន​ផងដែរ​ថា គ្រាន់តែ​ក្នុង​ខែសីហា​មួយ​ប៉ុណ្ណោះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក មានតម្លៃ ៧២៣,៧ លាន​ដុល្លារ កើនឡើង ៩​ភាគរយ បើ​ប្រៀបធៀប​នឹង​ខែសីហា​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ​។ ក្នុងចំណោម​ទិន្នន័យ​នេះ ទឹកប្រាក់​ប្រមាណ ៦៩៥​លាន​ដុល្លារ គឺជា​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អាមេរិក​៕ ដោយ ៖ CEN

×