បាត់ដំបង ៖ ថតអ្នកនាង ទ្រី ដាណានិងក្រុមការងារមនុស្សធម៌ដែលម្ចាស់ហាងលក់ពេជ្រដែលកំពុងតែល្បីល្បាញក្នុងសង្គមហ្វេសប៊ុកនិងតាមប្រព័ន្ធអនឡាញ បានពាំនាំនូវអំណោយជាស្បៀងនិងគ្រឿងឧបភោគបរិភោគមួយចំនួន រួមមានអង្ករ១០តោន,ត្រីខ ៥០កេសធំ, មី ៦០កេសធំ និងទឹកស៊ីអ៊ីវ ៥០០យួរ ដើម្បីជូនដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការចូលរួមចំណែកនូវកិច្ចការមនុស្សធម៌ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងជន់លិចភូមិឋាន បានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ដើម្បីជួយសម្រាលការលំបាករបស់បងប្អូនដែលកំពុងតែរងគ្រោះ ដោយជំនន់ទឹកភ្លៀង។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តមនុស្សរបស់លោកស្រី ទ្រី ដាណានិងស្វាមី ដែលជាថៅកែហាងលក់ពេជ្រ ដ៏ល្បីល្បាញនិងមានប្រជាប្រីយ៍ភាពក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលត្រូវបានគេទទួលស្គាល់ពីសន្តានចិត្តមនុស្សធម៌ក្នុងការបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រនិងជួបការលំបាកកន្លងមក នៅតាមដងផ្លូវគ្រប់ច្រកល្ហកនិងគ្រប់ទីកន្លែង មិនថាទីក្រុងឬតាមជនបទ។
ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានប្រគល់ប័ណ្ណថ្លែងអំណរគុណដល់លោកស្រី ទ្រី ដាណានិងស្វាមី ព្រមទាំងក្រុម
ការងាររបស់លោកស្រី សូមឲ្យទទួលបានជោគជ័យបន្ថែមទៀត។ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបង ក៏បានអញ្ជើញអ្នកស្រីនិងស្វាមី ព្រមទាំងក្រុមការងារលោកស្រី ដើម្បីពាំនាំនូវអំណោយមួយចំនួនខាងលើនេះទៅចែកជូនដល់ក្រុមគ្រួសារជនរងគ្រោះដោយជំនន់ទឹកភ្លៀងដ៏អាក្រក់នៅតាមបណ្តាភូមិឃុំមួយចំនួន ដែលស្ថិតក្នុងស្រុកសង្កែខេត្តបាត់ដំបងកាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០២០នេះ៕ ដោយៈអ៊ុងសារុំ