Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គម​អណ្តើក និង​សង្គម​ក្តាម ស្ថិតក្នុង​កន្ត្រក​មួយណា​ប្រសើរ​ជាង​!

spot_img

​រឿង​មួយ​តំណាល​ថា នៅ​ផ្សារ​មួយ​នោះ មាន​កសិករ​ម្នាក់​ដាក់​កន្ត្រក​ពីរ​ធំៗ រួច​អង្គុយ​ពីក្រោយ​ដើម្បី​លក់​។ កន្ត្រក​មួយ​បិទ​មាត់ជិត រីឯ​មួយទៀត​បើកចំហ​។​

​ពេល​សម្លឹងមើល​ក្នុង​កន្ត្រ​បើក​មាត់​នោះ​ឃើញ​សុទ្ធតែ​ក្តាម​រវីមរវាម​។ ពួកវា​ពពាក់ពពូន ដណ្តើម​គ្នា​វា​ចេញពី​កន្ត្រក​ឫស្សី តែ​ចុងក្រោយ​ពុំមាន​ក្តាម​ណាមួយ​អាច​ចេញពី​កន្ត្រក​បានទេ ព្រោះ​អា​មួយ​វា​តោង​ឡើង អា​មួយទៀត​ទាញ​ទម្លាក់​ចុះ​…​។​

​អ្នកទិញ​ក្រឡេក​បន្ត​ឃើញ​កន្ត្រក​ធំ​មួយទៀត ចង​មាត់ជិត​ក៏​សុំ​បើក​មើល​។ ក៏​ឃើញ​សុទ្ធតែ​អណ្តើក​តូចធំ​គ្រប់​ធុន​ក្រាប​សម្ងំស្ងៀម​។ ពួក​អ្នកទិញ​ងឿងឆ្ងល់​ក៏​សួរថា ៖ ហេតុអ្វី​ចាំបាច់​បិទមាត់​កន្ត្រក​ជិត​បែបនេះ​?​។​

​លោកតា​កសិករ ដែលជា​អ្នកលក់​បកស្រាយ​ពន្យល់ថា ៖ “​ក្មួយៗ​ឃើញ​ទេ អណ្តើក​ធំជាងគេ​គឺ​ក្រាប​នៅ​បាត​កន្ត្រក រួច​គរ​ពីលើ​គ្នា​តាម​លំដាប់លំដោយ ពី​ធំ (​នៅក្រោម​) រហូតដល់​តូចៗ (​នៅលើ​)​។ ប្រសិនបើ​ពុំ​បិទ​គម្រប​ឲ្យ​ជិត​ទេនោះ គឺ​វា​ចេះតែ​តម្រៀប​គ្នា​បែបនេះ​រួច​វារ​ចេញពី​កន្ត្រក​អស់​មិន​ខាន បាន​អ្វី​លក់​ទៀត​។ យ៉ាង​ច្រើ​ននៅសល់​អា​ធំៗ ១-២​ក្បាល​ប៉ុណ្ណោះ​។​

​មិនដឹង​លោកតា បូរបាច់​ច្រើនពេក​នាំ​ឲ្យ “​បែក​កម្មដ្ឋាន​” ទើប​គាត់​លេង​១​ប្រយោគ “​វែងឆ្ងាយ​” ទៀតថា ៖ “​ក្តាម និង​អណ្តើក​សុទ្ធសឹង​នៅក្នុង​កន្ត្រក​ឫស្សី​ដូចៗ​គ្នា​។ ប៉ុន្តែ​ពួក​ក្តាម​ព្រោះតែ​ច្រងេងច្រងាង គ្មាន​ការយោគយល់ ឈ្នានីស​គ្នា​ទើប​ទាញ​ទម្លាក់​គ្នា​ទៅវិញទៅមក ចុងក្រោយ​ចេញ​ពុំ​ផុតពី​មាត់​កន្ត្រក ទើប​ពុំ​ចាំបាច់​បិទ​ធ្វើ​អ្វី​?​។​

​រីឯ​អណ្តើក​គឺ​ផ្ទុយស្រឡះ​។ អា​ធំ​វាយ​ល់ ហើយ​សុខចិត្ត​យក​ខ្លួន​ធ្វើជា​ទ្រនាប់ (​ឈ្នាន់​) ដើម្បី​ឲ្យ​អា​ផ្សេងទៀត មាន​សេរីភាព ទោះបី​ខ្លួន​វា​ត្រូវ​ប្រឈមមុខ​នឹង​ទ្រុង​ដដែល​ក្តី​”​។​

​គិតៗ​ទៅ​ងាក​មក​សង្គមមនុស្ស​វិញ​…!

​ហ៊ឺ​! ពេលខ្លះ​ពុំបាន​ស្មើ​សង្គម​… អណ្តើក​ផង​ទេ​! អូ​ហ៍​! ភ្លេច​ចុះ​ក្មួយៗ ចង់បាន​ក្តាម ឬ​ណ្តើ​ក​ទៅ​?!

…​អណ្តើក ក្តាមៗ ក្តាម ណ្តើ​ក​ថ្មីៗ អ្នកណា​ទិញ​ទេ​!​

spot_img
×