ភ្នំពេញ៖នេះការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាកាលពីព្រឹកថ្ងៃទី១៤ខែតុលាឆ្នាំនេះ នៅសណ្ឋាគារភ្នំពេញ ដោយមានមន្ត្រីក្រសួងការបរទេស និងស្ថាប័នជំនាញជាច្រើនរូបចូលរួមផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យពិភពលោកទាំងមូលរង្គោះរង្គើ ហើយមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់វិស័យសុខាភិបាល ក្នុងកម្រិតមិនធ្លាប់មានប៉ុណ្ណោះទេវាក៏បណ្ដាលឱ្យសេដ្ឋកិច្ចពិភពលោកទាំងមូល ធ្លាក់ក្នុងវិបត្តិដ៏ជ្រាលជ្រៅ។ ជំងឺនេះបានបង្កហានិភ័យកាន់តែធំឡើង នៃការក្ស័យធនផ្នែកធុរកិច្ចបាត់បង់ការងាររបស់មនុស្សរាប់រយលាននាក់។
លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ការប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្រដ៏តានតឹងរវាងមហាអំណាចធំបំផុតទាំងពីរ កំពុងឈានទៅរកសង្គ្រាមត្រជាក់បែបថ្មី ដែលធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅ និងឆាប់រហ័សពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់បំផុត។ កត្តាមនុស្សនេះកំពុងធ្វើឲ្យស្ថេរភាពនិងវិបុលភាពរយៈពេលជាង៧០ឆ្នាំទទួលរងភាពរង្គោះរង្គើយ៉ាងខ្លាំង។ នេះក៏ដោយសារតែការរំលោភបំពាន និងលែងគោរពនូវគុណតម្លៃទាំងឡាយ ដែលជាមូលដ្ឋានគ្រឹះនៃសណ្ដាប់ធ្នាប់និងការងាកទៅរកឯកតោនិយម ការប្រើកម្លាំងបាយការគាបសង្កត់លើប្រទេសទន់ខ្សោយ។
ការប្រជែងគ្នារវាងមហាអំណាចអាមេរិកនិងចិន តាំងពីដើមអាណត្តិរបស់ប្រធានា ធិបតីដូណាល់ត្រាំ ដោយចាប់ផ្ដើមពីការបង្កសង្គ្រាមពាណិជ្ជកម្មនោះ បានរីករាលដាលដល់សមរភូមិផ្សេងទៀត មានសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា យោធា ចារកម្ម ល្បែងទម្លាក់កំហុស បញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងមនោគមវិជ្ជា។ ការប្រជែងឥទ្ធិពលរវាហអំណាចនេះ បានបង្កនូវការលំបាក បញ្ហាប្រឈម និងស្មុគស្មាញសម្រាប់ប្រទេសតូចៗដូចប្រទេសកម្ពុជា ទាំងនយោបាយ ទាំងសេដ្ឋកិច្ច។
លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា អ្វីដែលជាបញ្ហាទៀតនោះ គឺការរួមបញ្ចូលគ្នា នៃកត្តាទាំងពីរក្នុងពេលតែមួយ។ តែបញ្ហាធំបំផុតទៀតសម្រាប់កម្ពុជា គឺថែមពីលើអំរែកស្មាទាំងសងខាងរបស់យើងនោះគឺការដករបបពន្ធអនុគ្រោះEBA២០ភាគរយ។ លោកថាទណ្ឌកម្មដែលអឺរ៉ុបបានដាក់មកលើកម្ពុជានេះគឺក្នុងគ្រាដែលប្រទេសតូចរបស់យើងកំពុងប្រមូលកិច្ចខិតខំប្រឹងប្រែងគ្រប់យ៉ាង ដើម្បីទប់ទល់ទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ផង និងទប់កុំឲ្យសេដ្ឋកិច្ចជាតិដួលរលំផង ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងយ៉ាងច្បាស់ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥ថាជាភាពអយុត្តិធម៌។
លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន លើកឡើងទៀតថា ការដែលសហភាពអឺរ៉ុបដក EBA ២០ ភាគរយពីកម្ពុជា គឺនៅពេលដែលប្រទេសនេះ កំពុងតែខិតខំប្រឹងប្រែងតស៊ូ ជំនះលើជំងឺដ៏កាចសាហាវ ហើយជារឿងច្រំដែលនៃប្រវត្តិសាស្ត្រ។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែប្ដេជ្ញាចិត្តយ៉ាងពេញទំហឹង។ ដូចអ្វីដែលខ្លួនធ្លាប់ធ្វើអស់រយៈពេល៤០ឆ្នាំកន្លងមកហើយនោះ ក្នុងការការពារនូវអ្វីដែលខ្លួនជឿជាក់ថា ជាមាគ៌ាត្រឹមត្រូវ គឺការពារការការពារអធិបតេយ្យជាតិ និងការថែរក្សាសន្តិភាព ដែលកសាងបានយ៉ាងលំបាកលំបិន និងទទួលបានការសាទរពេញទំហឹងពីប្រជាជនកម្ពុជា ដែលធ្លាប់បានទទួលរងនូវសោកនាដកម្មដ៏ខ្លោចផ្សា ហើយកំពុងងើបឈរឡើងជាប្រជាជាតិមួយ ស្មើមុខមាត់ ស្មើរភាព និងស្មើសិទ្ធិជាមួយបណ្ដាប្រទេសក្នុងតំបន់ និងសាកលលោ៕ដោយ៖ឡេង បញ្ញាឬទ្ធិ