បន្ទាយមានជ័យ៖ ក្រុមហ៊ុន បុរី ដឹផាក ស៊ីធី (The park City) របស់លោកឧកញ៉ា ឡៅ ប៊ុនប៉ា បានបន្តសាងសង់សំណង់បុរី ខណៈករណីដួលដងសន្ទូចរលំសង្កត់ស្លាប់មនុស្ស៥នាក់ និងរងរបួស ៤នាក់ មិនទាន់ដោះស្រាយផ្លូវច្បាប់ចប់សព្វគ្រប់ផង។ ក្រោយកើតហេតុការភ្លាមៗ អាជ្ញាធរក្រុងប៉ោយប៉ែត បានចេញលិខិតផ្អាក់ការសាងសង់បណ្តោះអាសន្នរបស់ក្រុមហ៊ុនខាងលើនេះ។
ជុំវិញការបន្តសាងសង់សំណង់បុរី ខណៈមិនទាន់ដោះស្រាយផ្លូវច្បាប់ចប់នេះ អង្គភាពព័ត៌មាន Cambodia Express News (CEN) បានទូរស័ព្ទទៅម្ចាស់បុរី ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកលើក និងមិនអាចទាក់ទងបាន ដើម្បីឱ្យម្ចាស់បុរីជួយស្រាយបំភ្លឺបន្ថែម។
គួររលឹកថា កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មានមនុស្ស ៥នាក់ បានស្លាប់ និង៤ នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល ដោយសារ ការរលំដងស្ទួចសង្កត់ពីលើ ពេលកំពុងស្ទូច សាងសង់ក្រុមហ៊ុន បុរី ដឹផាក ស៊ីធី (The park City) របស់លោកឧកញ៉ា ឡៅ ប៊ុនប៉ា ដែលមានទីតាំងស្ថិតនៅភូមិគីឡូលេខ ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។
បន្ទាប់ពីកើតហេតុ គេឃើញ ក្រុមហ៊ុន បុរី ដឹផាក ស៊ីធី (The park City) របស់លោកឧកញ៉ា ឡៅ ប៊ុនប៉ា បានចូលរួមចូលបុណ្យសពជនរងគ្រោះក្នុងម្នាក់ ៣០០ដុល្លារ ជាសំណងបឋម ក្នុងការចូលរួមបុណ្យសព។ ដោយឡែក ចំពោះនីតិវិធីរដ្ឋបាលក្រុងប៉ោយប៉ែត បានសម្រេចផ្អាកសកម្មភាពការងាររបស់ក្រុមហ៊ុន បុរី ដឹផាក ស៊ីធី (The park City) ជាបណ្ដោះអាសន្ន គឺដើម្បីឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់។
កាលពីកើតហេតុលោកឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បាន អនុវត្តចំពោះនីតិវិធីផ្នែកព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយ ក្នុងនោះ តាមការពិនិត្យកោសលវិច័យ ឃើញថាទី១ ខុសបច្ចេកទេស មិនបានពិនិត្យឲ្យគ្រប់ជ្រុងជ្រោយ ហើយដី មានសភាពទន់ជ្រាយ ផ្អៀងម្ខាង រួមផ្សំ នឹងខ្យល់ផងនោះ ធ្វើឲ្យដួលរលំដងសន្ទូច ដែលស្ទូចទំងន់ធ្ងន់តែម្ដងទៅ។ ទី២ គឺអ្នកបញ្ជាគ្រឿងចក្រ មានការធ្វេសប្រហែស។ បច្ចុប្បន្ន អ្នកបញ្ជាគ្រឿងចក្រត្រូវ បានឃាត់ខ្លួនបញ្ជូនទៅតុលាការ។ ដោយឡែក មេការទុកឲ្យតុលាការចាត់ការបន្ដ។ បច្ចុប្បន្ន មេការ ទទួលខុសត្រូវបញ្ជាគ្រឿងចក្រ បានរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែក លោកឧត្តម សេនីយ៍ទោ អាត់ ខែម ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានលើកឡើងដែរថា ជនបង្ក គឺជាអ្នកបញ្ជាគ្រឿងចក្រ កំពុងស្ថិតក្រោមរង្វង់នៃច្បាប់ ហើយម្ចាស់បុរី ក៏ជាអ្នកទទួលខុសត្រូវដែរ ដូចនេះ អ្នកទទួលខុសត្រូវមានអ្នកបញ្ជាគ្រឿងចក្រ និងម្ចាស់បុរី បើទោះបីជនទាំង២ មានចេតនា ឬ គ្មានចេតនាក្តី ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែរ។
បើតាមការលើកឡើងរបស់មន្ត្រីការិយាល័យភូមិបាលក្រុងប៉ោប៉ែត បានឱ្យដឹងថា សំណង់បុរីដែលបន្តសាងសង់ មន្ត្រីសមត្ថកិច្ច ក្រសួង រហូតដល់ពេលនេះ នៅមិនទាន់មានលិខិតផ្លូវការណាមួយ បញ្ជាក់ថា បានអនុញ្ញាតិឱ្យដំណើរការនោះទេ។
គួររលឹកឡើងវិញថា បើតាមប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឱ្យដឹងថា ក្រុមហ៊ុនបុរី ដឹផាក ស៊ីធី (The park City) បានសាងសង់បុរី ផ្ទះល្វែង ហើយទើបតែសាងសង់បាន ៦ បន្ទប់ប៉ុណ្ណោះ ក៏មានកើតហេតុការណ៍នេះឡើង។ ក្រុមហ៊ុនបុរីនេះ បានស្ទូចផ្ទាំងថ្ម ធ្វើសំណង់អគារ ទម្ងន់ប្រមាណ ៧តោន ហើយបានរំលំដងសន្ទូចធ្លាក់ចំប្រជាពលរដ្ឋ ដែលកំពុងអង្គុយនៅក្នុងផ្ទះរបស់គាត់ នៅជាប់ការដ្ឋានសំណង់ខាងលើនេះ៕
ដោយ ៖ CEN