ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២នៃក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យសេចក្តីព្រាងសំណើគម្រោងស្ដីពី៖“ការធ្វើឲ្យប្រសើរឡើង ច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ប៉ោយប៉ែត-អារញ្ញប្រាថេត និងស្ទឹងបត់-បានណងអៀន” ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ មន្ត្រីជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងអនុម័តសំណើគម្រោងដើម្បីដាក់ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីឈានទៅរៀបចំកិច្ចប្រជុំក្រុម ប្រឹក្សាភស្តុភារកម្មជាតិដែលគម្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំផ្ដល់ធាតុចូលឱ្យបានច្រើន ដើម្បីធ្វើឱ្យសំណើគម្រោងនេះកាន់តែល្អប្រសើរ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងបានណែនាំឲ្យក្រុមការងារចំពោះកិច្ចធ្វើការកាត់បន្ថយគម្រោងណាដែលជាន់គ្នា ឬច្របាច់បញ្ចូលគ្នាតែមួយ ហើយរៀបចំគម្រោងទាំងនោះជាកញ្ចក់ៗ និងធ្វើការវាយ តម្លៃតាមកញ្ចប់នីមួយៗ។
ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានឲ្យដឹងផងដែរអំពីគម្រោងចាក់កៅស៊ូបេតុង(AC) លើផ្លូវលេខ១៨ ដើម្បីសម្រួលការដឹកជញ្ជូន បំពាក់ស្កេនណឺនៅច្រកទ្វារព្រំដែនព្រៃវល្លិ៍ និងចាក់បេតុងនៅតំបន់សផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញឱ្យក្រុមការងារចំពោះកិច្ចធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់របស់ភាគីវៀតណាម និងភាគីថៃដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធ និងអាចអនុវត្តគម្រោងនេះឲ្យកាន់តែឆាប់តាមដែលអាចធ្វើទៅបាន និងបានជំរុញឲ្យមានច្រកចេញចូលតែមួយរបស់អាស៊ាននៅច្រកព្រៃវល្លិនេះផងដែរ ៕
ដោយ៖CEN