Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​អា​សិប​ជួបពិភាក្សា អំពី​ការរៀបចំ​ការចុះហត្ថលេខា​កិច្ចព្រមព្រៀង​អា​សិប នៅ​ក្នុងឱកាស​កិច្ចប្រជុំ​កំពូល​អា​សិប​លើក​ទី​៤ ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០

​ភ្នំពេញ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា អញ្ជើញ​ចូលរួម​អន្តរ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១១ ស្តីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​(​អា​សិប​) (11th Regional Comprehensive Economic Partnership Intersessional Ministerial Meeting) ដែល​បាន​ប្រារព្ធ​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video Conference) ដោយមាន​ការចូលរួម​ពី​ប្រទេស​ចរចា​អា​សិប​ទាំងអស់ និង​អគ្គលេខាធិការ​អាស៊ាន​។​

​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ ដើម្បី​ពិនិត្យ​និង​តាមដាន​ចុងក្រោយ​លើ​វឌ្ឍនភាព នៃ​ការរៀបចំ​ការចុះហត្ថលេខា​កិច្ចព្រមព្រៀង​អា​សិប​នេះ ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អា​សិប​លើក​ទី​៤ នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ តាម​អាណត្តិ​ផ្តល់ឱ្យ​ដោយ​ប្រមុខ​ដឹកនាំ​អា​សិប កាលពី​កិច្ចប្រជុំ​កំពូល​អា​សិប​លើក​ទី​៣ កាលពី​ឆ្នាំ​២០១៩​។​

​អង្គប្រជុំ បានកត់សម្គាល់​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មាធិការ​ចរចា​ពាណិជ្ជកម្ម និង​ក្រុមការងារ​ត្រួតពិនិត្យ​នីតិវិធី​ច្បាប់​ដែល​បានបញ្ចប់​ការងារ​របស់ខ្លួន​ទាំងស្រុង​តាម​ពេលវេលា​កំណត់ ទោះបីជា​ប្រឈម​នឹង​កាលៈទេសៈ​ដ៏​លំបាក​ដែល​បង្កឡើង​ដោយ​វិបត្តិ​កូ​វីដ​-១៩​នេះ​។

​អង្គប្រជុំ បាន​ឯកភាព​លើ​ភាពចាំបាច់​ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អា​សិប​នៅ​ចុងឆ្នាំ​នេះ ដែល​នឹង​បង្កើត​នូវ​ក្របខណ្ឌ​ភាពជា​ដៃគូ​ដែលមាន​លក្ខណៈ​ទំនើប ទូលំទូលាយ គុណភាព​ខ្ពស់ ព្រមទាំង​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ឱ្យ​គ្នា​ទៅវិញទៅមក ដែល​នឹង​សម្រួល​ដល់​ការពង្រីក​ខ្សែ​ច្រវាក់​ផ្គត់​ផ្ត​ង់​ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​តំបន់ និង​ជាពិសេស​ជា​សញ្ញា​ទៅកាន់​ពិភពលោក អំពី​ការគាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពហុភាគី ដែល​ផ្អែកលើ​គោលការណ៍​ច្បាប់​៕
​ដោយ​៖CEN


×