ភ្នំពេញ៖ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបទេស បានបញ្ជាក់តាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃតី១៥ ខែតុលាឆ្នាំ២០២០ ហើយការវិលត្រឡប់មកវិញនេះ ដោយមានការជួយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិនអន្តរាគមន៍ជួយនារីខ្មែរម្នាក់ឈ្មោះសែម ស្រីពេជ្រ ស្នាក់នៅខេត្តជឺជាំង ប្រទេសចិន ដែលមានបំណងត្រលប់មកកម្ពុជាវិញ ដោយសារមិនអាចរស់នៅចុះសម្រុងជាមួយប្តីបាន។
អ្នកនាំពាក្យក្រសួងការបរទេសថា តាមរយៈការអន្តរាគមន៍របស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃនារីខ្មែរឈ្មោះសែម ស្រីពេជ្រ នឹងទទួលបានទិដ្ឋាការស្នាក់នៅបណ្តោះអាសន្នពីអាជ្ញាធរចិន នៅថៃ្ងទី១៦ខែតុលាឆ្នាំ២០២០។ ក្រោយបានទិដ្ឋាការ នាងនឹងជិះរថភ្លើងមកស្នាក់នៅបណ្តោះអាសន្ន នៅស្ថានអគ្គកុងស៊ុលនៅសៀងហៃ រង់ចាំដំណើរតាមយន្តហោះមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់នៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២០នេះថា ស្ថាន អគ្គកុងស៊ុលបានចេញ លិខិតបើកផ្លូវដល់រូបនាង ហើយប៉ូលីសចិនក៏បានយល់ព្រមនឹង ប្រគល់ ទិដ្ឋាការជូន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ខាងមុខ។
តាមដំណើររឿងឲ្យដឹងថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លេខាធិការដ្ឋានក្រុមការងារសហប្រតិបត្តិការមេគង្គឡានឆាង និងអង្គភាពពាក់ព័ន្ធធ្វើការស្រាវជ្រាវទើបដល់ ថ្ងៃទី១២ ខែតុលាឆ្នាំ២០២០ ក្រសួងការបានផ្ដល់ព័ត៌មានមកថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ បានធ្វើកិច្ចសហការជាមួយ សមត្ថកិច្ចចិនជួយសង្គ្រោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ រីណា រីណា បានហើយនៅខេត្តជីជាំងប្រទេសចិន ដែលមានឈ្មោះពិតគឺ សែម ស្រីពេជ្រ ( SEM SREY PHECH) កើតថ្ងៃទី ១៦ឧសភា១៩៩៤ មានស្រុកកំណើតនៅភូមិល្វាត្បូង ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម។
កាលពីពេលថ្មីគេហទំព័រ(CEN News) បានផ្សាយម្តងមកហើយកាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ ដោយដកស្រង់សំដៅលោកឧត្តមសេនីយ៍ឯកជីវ ផល្លី,ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានបញ្ជាក់ឲ្យដឹងអង្គភាពសារព័ត៌មានខាងលើថា ពលការិនីម្នាក់ដែលបានធ្វើវីដេអូឃ្លីបបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា ខ្លួនត្រូវបានមេខ្យល់ឆបោកឲ្យទៅធ្វើការងារនៅឯប្រទេសចិនអស់ជាងពីរឆ្នាំដោយរងទុក្ខលំបាក ។
នាងបានបង្ហោះវីដេអូដោយស្នើសុំសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ ដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជា ជាទឹកដីកំណើតរបស់ខ្លួនវិញនោះ ត្រូវបានស្រាវជ្រាវរកឃើញអត្តសញ្ញាណ និងកន្លែងស្នាក់នៅឯប្រទេសចិននោះហើយ និងត្រូវបាន អន្តរាគមន៍រំដោះឲ្យមកស្នាក់នៅបណ្តោះអាសន្ន នៅស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងសៀងហៃ ដើម្បីរង់ចាំរៀបចំបំពេញបែបបទបញ្ជូនត្រឡប់មកកម្ពុជាវិញ។
លោកបានឲ្យដឹងថា កាលពីថ្ងៃទី៨ខែតុលាឆ្នាំ២០២០ នាយកដ្ឋានជំនាញបានទទួលព័ត៌មាន ពីក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពីព័ត៌មានលើគណនីហ្វេសប៊ុកឈ្មោះ រីណា រីណា ដែលបានបង្ហោះជាឃ្លីបវីដេអូរយៈពេល១នាទីនិង៤៩វិនាទី អះអាងថានាងត្រូវចាញ់ បោកមេខ្យល់ទៅប្រទេសចិន និងស្នើសុំឲ្យជួយសង្គ្រោះ និងបញ្ជូននាងត្រឡប់មកកម្ពុជាវិញ។
អគ្គស្នងការដ្ឋានគរបាលជាតិ ទំនាក់ទំនងក្នុងគណនីហ្វេសប៊ុកឈ្មោះរីណា រីណា ដោយស្នើសុំផ្ដល់ព័ត៌មានអំពីអាសយដ្ឋាន ដែលនាងកំពុងស្នាក់នៅប្រទេសចិន និងសាច់ញាតិ លេខទូរស័ព្ទទំនាក់ទំនង នៅប្រទេសកម្ពុជា និងដោយទទួលបានកិច្ចសហការ។
បច្ចុប្បន្ននាងកំពុងស្នាក់នៅផ្ទះមិត្តភក្តិជាស្ត្រីខ្មែរ នៅជិតប៉ុស្តិ៍ប៉ូលិសខេត្តជឺជាំងក្រុងវិនចូវ ដើម្បីរង់ចាំទទួលទិដ្ឋាការ។ តាមសំណើរបស់ស្ថានអគ្គកុងស៊ុល អង្គការសម្ព័ន្ធចាប់ដៃកម្ពុជានៅភ្នំពេញ បានយល់ព្រមជួយចេញសំបុត្រយន្តហោះដល់នាង។ ស្ថានអគ្គកុងស៊ុលក៏បានឧបត្ថម្ភថ្លៃហូបចុកថ្លៃសំបុត្ររថភ្លើង(ពីទីក្រុងវិនចូវមកសៀងហៃ) ថ្លៃពិនិត្យស្វែងរកមេរោគកូវីដ-១៩ ដែលសរុបជាទឹកប្រាក់៥០០ដុល្លារអាមេរិក ជូនដល់នាងផងដែរ៕ ដោយ៖ឡេង បញ្ជាឬទ្ធិ