លោក Thaksin Shinawatra និងប្អូនស្រី អ្នកស្រី Yingluk Shinawatra ត្រូវបានឃើញនៅប៉េកាំងប្រទេសចិន ត្រៀមស្វាគមន៍ចូលឆ្នាំចិន។
អតីតនាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra កំពុងស្ថិតនៅចិន
Pactangtarn Shinawatra កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra កាលពីថ្ងៃទី ១០ កុម្ភៈ បានបង្ហោះផ្សាយរូបភាពលោកថាក់ស៊ីន កំពុងឈរក្បែរនិមិត្តរូបឆ្នាំថ្មី ហើយក្មេងតូចនិមិត្តរូប ២នេះ ស្លៀកសម្លៀកបំពាក់ប្រពៃណីចិន ឡើងបណ្តាញសង្គម -នេះបើតាមការចុះផ្សាយរបស់ Bangkok Post។
អមជាមួយរូបភាពនេះ នៅមានសារ១សរសេរថា “ពីប៉េកាំង ខ្ញុំផ្ញើសារជូនពរឆ្នាំថ្មី បុណ្យប្រពៃណីចិនដល់ពលរដ្ឋថៃទាំងមូល”។
អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក៏ត្រូវបានចាត់ទុកថា កំពុងស្ថិតនៅចិនផងដែរ។ រូបភាពខាងក្រោមបង្ហាញឲ្យឃើញបងប្អូនត្រកូល ស៊ីណាវ៉ាត្រា និងជាអតីតនាយករដ្ឋមន្ត្រីថៃ ទាំង២រូប កំពុងដើរទិញរបស់របរក្នុងផ្សារទំនើបមួយ ត្រូវបានគេស្គាល់ថា ស្ថិតនៅក្រុងប៉េកាំង។
អតីតនាយករដ្ឋមន្ត្រីថៃ ២នាក់បងប្អូន នៅក្នុងផ្សារទំនើបមួយនាក្រុងប៉េកាំង ប្រទេសចិន។
Weerachai Songmetta អ្នកនាំពាក្យប៉ូលិសថៃថ្លែងថា សមត្ថកិច្ចពុំទាន់មានព័ត៌មានផ្លូវការពីកន្លែងស្នាក់នៅរបស់អ្នកស្រីយីងឡាក់ទេ។ ថៃពុំអាចបញ្ជូនបទបញ្ជាតាមចាប់ខ្លួនទៅកាន់ប៉ូលិសអន្តរជាតិ ព្រោះតែអតីតនាយករដ្ឋមន្ត្រីរូបនេះ ចលនាប្តូរទីកន្លែងជាបន្តបន្ទាប់។ Interpol ទាមទារឲ្យមានអាសយដ្ឋានជាក់លាក់ មុនពេលគេអនុវត្តមុខងារ។
គួររំលឹកថា ៖ លោកថាក់ស៊ីន ត្រូវរស់នៅនិរទេសពីឆ្នាំ ២០០៨ ដើម្បីបញ្ចៀសពីសាលក្រមជាប់ពន្ធនាគារ ២ឆ្នាំ រីឯអ្នកស្រីយីងឡាក់ ក៏និរទេសគេចចេញពីសាលក្រមជាប់ពន្ធនាគារ ៥ឆ្នាំផងដែរ៕ សូយន