Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន លោក អ៊ីស្មាអែល ពិនឧស្មាន មិនពាក់ព័ន្ធនឹងរឿងនយោបាយគឺ ជាការអនុវត្តយ៉ាងត្រឹមត្រូវទៅតាមច្បាប់ របស់កម្លាំងសមត្ថកិច្ច

ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានឆ្លើយតប ទៅកាន់ប្រព័ន្ឋព័ត៍មានអាស៊ីសេរី តាមអនឡាញ ដែលផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ បានចេញព័ត៌មានបែបកេងយកចំណេញនយោបាយ ខុសពីការពិត ដោយបានផ្សាយថា ការដែលលោក អ៊ីស្មាអែល ពិនឧស្មាន ត្រូវបាន នគរបាល នៃក្រសួងមហាផ្ទៃឃាត់ខ្លួន គឺជារឿងដែលពាក់ព័ន្ធនឹងនយោបាយ ដោយផ្អែកទៅលើការអះអាងដោយអគតិ របស់អតីតប្រធានក្រុមការងារ គណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំ លោក វណ្ណារិទ្ធ និងជាអតីតតំណាងរាស្ត្រខេត្តកំពង់ចាម ហើយលោកចាត់ទុកថា សារព័ត៌មានមួយនេះ គឺបានចុះផ្សាយក្នុងចេតនាបង្កបរិយាកាសមិនល្អ។

លោក អូស្មាន ហាស្សាន់ បានថ្លែងនៅ ថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៨ ក្នុងនាមតំណាងឲ្យសមាជិករាជរដ្ឋាភិបាល បានអះអាងថា៖ តាមពិតលោក អ៊ីស្មាអែល ពិនឧស្មាន ដែលត្រូវ បានកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាប់ខ្លួន គឺមិនមែនពាក់ព័ន្ធនឹងរឿងនយោបាយសូម្បីតែបន្តិចណាឡើយ ផ្ទុយទៅវិញវាជាការអនុវត្តយ៉ាងត្រឹមត្រូវទៅតាមច្បាប់ របស់កម្លាំងសមត្ថកិច្ច ខណៈជនសង្ស័យរូបនេះ មានការពាក់ព័ន្ធ នឹងករណីបញ្ជូនពលករខុសច្បាប់ទៅបម្រើការងារនៅប្រទេសអារ៉ាប៊ីសាអូឌីត ការជួញដូរមនុស្ស និង ករណីរំលោភបំពានកម្លាំងពលកម្មលើស្រ្តី និងអនីតិជនផងដែរ ។

សូមបញ្ជាក់ថា៖ ការឃាត់ខ្លួន ជនសង្ស័យ អ៊ីស្មាអែល ពិនឧស្មាន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ គឺបន្ទាប់ពីក្រសួងមហាផ្ទៃ បានទទួលពាក្យណ្តឹងរបស់ ពល ការនីរងគ្រោះ ២រូប គឺទី១ កញ្ញាម៉ាត់ សាណាស់ ហៅ រ៉ទស់(អនីតិជន) ត្រូវបានសង្គ្រោះអោយមកដល់កម្ពុជាវិញកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ខណៈស្រ្តីរងគ្រោះទី២ ឈ្មោះ អេង ពៅ ត្រូវបានសង្គ្រោះអោយមកដល់កម្ពុជាវិញកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបាត់ខ្លួន បាត់ ដំណឹងរយៈពេលពី ១២-១៣ឆ្នាំ ដែលអ្នកទាំង២ត្រូវបាន ក្រុមហ៊ុន Accept Group របស់ លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា ដែលត្រូវជាឳពុកមារបង្កើតរបស់ជនសង្ស័យ បានបញ្ជូនជនរងគ្រោះខាងលើទៅធ្វើជាស្រ្តីបម្រើការងារផ្ទះដោយខុសច្បាប់ នៅប្រទេសអារ៉ាប៊ីសសាអូឌីត និងត្រូវបានឈ្មួញម្ចាស់ផ្ទះលក់ជាបន្តបន្ទាប់ដោយដោយ កេងប្រវ័ញ្ញកម្លាំងពលកម្មមិនផ្តល់ប្រាក់បៀវត្សក្នុងរយៈពេលជាង១៣ឆ្នាំនេះ។

ប្រភពព័ត៍មានពីនគរបាលសមត្ថកិច្ចបានអោយដឹងដែរថា៖ តាមចម្លើយសារភាពជាក់ស្តែងរបស់ជនសង្ស័យ អ៊ីស្មាអែល ពិនឧស្ម័ន គឺរឿងទាំងអស់មានការទាក់ទងទាំងស្រុងជាមួយនឹង លោក អះម៉ាត់ យ៉ះយ៉ា ជាម្ចាស់ក្រុមហ៊ុន ដែល ពេលនេះសមត្ថកិច្ចកំពុងស្នើសុំដីកាស្វែងរកចាប់ខ្លួន ជាមួយ នឹងបក្សពួកដទៃ ទៀត ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ

×