ភ្នំពេញ ៖ លោកមេធាវី លី ច័ន្ទតុលា ជាប់ជាប្រធានគណៈមេធាវីអាណត្តិទី១៣ បានបោះឆ្នោតជាសាធារណៈ ក្នុងមហាសន្និបាតបោះឆ្នោតជ្រើសរើសប្រធានថ្មីនៅព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីដឹកនាំគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។
លោក មេធាវី លី ច័ន្ទតុលា ជាបេក្ខជនក្នុងចំនួន៥នាក់ ដែលបានឈរឈ្មោះក្នុងអាណត្តិទី១៣ ឆ្នាំ២០២០ ។
លោកមេធាវីសួន វិសាល អតីតប្រធានគណៈមេធាវីបានសង្កត់ធ្ងន់ថាប្រធានថ្មីសម្រាប់អាណត្តិទី១៣នេះលោកសង្ឃឹមថាមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ដឹកនាំគណៈមេធាវីនិងមានទំនាក់ទំនងល្អជាមួយស្ថាប័នរាជរដ្ឋាភិបាល ដើម្បីឲ្យដំណើរការនៃស្ថាប័នគណៈមេធាវីដំណើរការទៅបានរលូន។សម្រាប់អាណត្តិថ្មីមានបេក្ខជន៥រូបបានឈរឈ្មោះឲ្យគេបោះឆ្នោត។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់គណៈមេធាវីបញ្ជាក់ថាក្នុងការជួយការពារសិទ្ធិជនក្រីក្រ (ស្ត្រី,កុមារ)រាជរដ្ឋាភិបាលបានផ្តល់ថវិកាដល់គណៈមេធាវីចំនួន១២០០លានរៀលក្នុងឆ្នាំ២០១៩និងកើនដល់ចំនួន១៦០០លានរៀលក្នុងឆ្នាំ២០២០ ហើយរំពឹងថាក្នុងឆ្នាំ២០២១ក្រសួងសេដ្ឋកិច្ចនិងហិរហញ្ញវត្ថុនិងគណៈមេធាវីបានប្រជុំរួចរាល់ហើយថវិកានេះនឹងឡើងដល់២០០០លានរៀល។
គណៈមេធាវី គិតមកដល់ពេលនេះ សមាជិកចំនួន១៧៥៦នាក់ជាសមាជិកពេញសិទ្ធិ និងមេធាវីកម្មសិក្សាចំនួន៣៤៩នាក់ ដោយក្នុងអាណត្តិចុងក្រោយនេះ ចំនួនមេធាវីមានការកើនឡើងដោយសារសេដ្ឋកិច្ចមានការរីកចំរើន តម្រូវការផ្លូវច្បាប់មានច្រើន ហើយគណៈមេធាវីក៏បានពង្រាយមេធាវីទៅកាន់ខេត្តដាច់ស្រយាល។
រហូតដល់ពេលនេះគណៈមេធាវីបានផ្ដល់សេវាកម្មច្បាប់ជូនប្រជាពលរដ្ឋដល់ទៅ១ម៉ឺន៥០០នាក់។ក្នុងរយៈពេល៤ឆ្នាំកន្លងទៅនេះ គណៈមេធាវីបានទទួលក្ដីជួយជនក្រីក្រចំនួន១ម៉ឺន៥ពាន់៣៧៣ករណី និងទទួលពីកូនក្ដីទូទៅចំនួន២ម៉ឺន៣ពាន់៤២៩ករណីក្នុងនោះ(ស្ត្រី១៧០៥នាក់និងកុមារ៥៩០៣នាក់)ដោយការងារនេះគណៈមេធាវីបានទទួលការជួយគាំទ្រពីរាជរដ្ឋាភិបាល៕ ដោយ.ឡេងបញ្ញាឬទ្ធិ