ផ្សារផ្អាវ៖កាលពីព្រឹកមិញនេះ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ មានរឿងរ៉ាវប៉ះសម្តីប្រកែកគ្នាខ្លាំងៗផ្អើលពេញផ្សារផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាមតែម្តង រវាងម្ចាស់ផ្ទះនៅកាច់ជ្រុងចូលផ្សារ និងអាជីវករលក់ដូរតាមចិញ្ចើមផ្លូវមួយចំនួន ដែលក្រាញពុំព្រមចាកចេញលក់ដូរនៅមុខផ្ទះរបស់គាត់យ៉ាងដាច់ខាត។
តាមរយៈការឡាយវីដេអូ បងស្រីម្ចាស់ផ្ទះបាននិយាយថា អាជ្ញាធរធ្លាប់បានប្រកាសតាមមេក្រូថា បើអ្នកណានៅតែរឹងទទឹងលក់ដូរនៅតាមចិញ្ចើមផ្លូវ នឹងប្រឈមមុខផ្លូវច្បាប់ ប៉ុន្តែ គ្មានខ្មេះទេ ដោយបណ្តែតបណ្តោយឲ្យប្រធានផ្សារផ្អាវ អនុញ្ញាតឲ្យពួកអាជីវករមកដាក់ទល់មុខផ្ទះរបស់គាត់តាមអំពើចិត្តដដែល។ ហើយមេបុស្តិ៍ផ្អាវឈ្មោះ សោម សារិទ្ធ និងប្រធានផ្សារផ្អាវ បានយកបង្គោលដែកបោះព័ទ្ធពេញមុខផ្ទះគាត់ ដើម្បីដាក់បិទផ្លូវគាត់រកស៊ីនិងថែមទាំងបានប្តឹងគាត់ទៅតុលាការទារលុយខ្ញុំ ៧០លាន ហើយនឹងឲ្យតុលាការចេញដីកាបិទផ្ទះគាត់ចោល កុំឲ្យលក់ដូរទៀតផង។
បងស្រីម្ចាស់រូបនោះ ក៏បានបញ្ជាក់ឲ្យបងប្អូនក្នុងបណ្តាញសង្គមដឹងថា ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានចេញចំណាត់ការឲ្យអាជ្ញាធរស្រុកបាធាយ ហាមឃាត់មិនឲ្យអាជីវករដាក់លក់នៅលើផ្លូវសម្តេចតេជោ (មុខផ្ទះរបស់គាត់) តទៅទៀតទេ តែហេតុអ្វីមកដល់ពេលនេះ អាជ្ញាធរមិនអើពើបែរជាបណ្តោយឲ្យប្រធានផ្សារផ្អាវឈ្មោះ រស់ ផារី មកកាងអាជីវករឲ្យលក់នៅលើផ្លូវនេះដដែលអ៊ីចឹង ឬក៏ទទួលលាភសក្ការៈចូលហោប៉ៅមិនស្ទើរក្នុង១ខែៗ បានជាធ្វើមិនដឹងមិនឃើញបែបនេះ។
បងស្រីបាននិយាយទាំងអួលដើមកថា វាពិតជាអយុត្តិធម៌ខ្លាំងណាស់ សម្រាប់គ្រួសាររបស់គាត់ ព្រោះថា នៅមុខផ្ទះគេដទៃ គ្មានអាជីវករណាហ៊ានទៅដាក់លក់ឡើយ។ ហេតុនេះ បងស្រីក៏សូមសំណូមពរដល់ឯកឧត្តមអភិបាលខេត្តកំពង់ចាម និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ជួយអន្តរាគមន៍ផង។
ឆ្លើយតបទៅនឹងមតិសួរនាំ ហេតុអ្វីមិនប្តឹងសាលាខេត្ត បងស្រីក៏បានប្រាប់ថា «ប្តឹងហើយបង តែលទ្ធផលបានត្រឹមតែរង់ចាំដូចសព្វថ្ងៃទេបង»។ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ គាត់ក៏បានអះអាងថា ប្រធានផ្សារនេះអាងមានអំណាច មកធ្វើបាបគាត់ជាម្ចាស់ផ្ទះ ដោយយកចៅមកជេរប្រមាថគាត់ទៀតបង។
ជុំវិញបញ្ហាដ៏ក្តៅគគុកនេះផងដែរ ក្នុងនោះបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើន បានគាំទ្រខាងម្ចាស់ផ្ទះដោយបានលើកឡើងថា៖ «ពួកមីឆ្កួតដីគេសោះ គេចង់បែរមុខទៅណាក៏បានដែរ បើគេលក់មុខផ្ទះអ្នកឯងវិញ អ្នកឯងឈឺចាប់អត់?, យាយអើយយាយលក់មុខផ្ទះគេហើយ គួរណាស់សំដីក្រោមគេខ្លះទៅ, មុខផ្ទះគេ បើម្ចាស់ផ្ទះមិនឲ្យលក់ កុំបំពានអោយសោះ វាខុស ចុះបើមុខផ្ទះអ្នកវិញយ៉ាងម៉េចដែរ, អាជ្ញាធរអសមត្ថភាព សង្ស័យស៊ីលុយគេច្រើនហើយមើលទៅ, ទោះផ្លូវសាធារណៈក៏ដោយតែនៅមុខផ្ទះគេ គេមានសិទ្ធិដេញអ្នកឯងចេញពីមុខពីផ្ទះគេ,… និងនៅមានការរិះគន់យ៉ាងចាស់ៗជាច្រើនទៀត ដែលលើកយកមករៀបរាប់មិនអស់៕ ដោយ៖ លឹម ហុង