រយៈពេល៩ខែ ដើមឆ្នាំ២០២០នេះ តម្រូវការប្រាក់រៀលពីសាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំ មានចំនួន ៤៤០ ប៊ីលានរៀល (ប្រមាណ១០៧ លានដុល្លារអាមេរិក)។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា។
ថ្លែងនៅក្នុងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថាខេត្តកំពង់ធំ ជាខេត្តសក្តានុពលមួយក្នុងវិស័យកសិកម្ម ដែលមានប្រជាជនសរុបប្រមាណ ៨០ ម៉ឺននាក់ ក្នុងនោះ ៨០% ជាកសិករ។
លោកថា គ្រឹះស្ថានធនាគារដែលកំពុងប្រតិបត្តិការមានចំនួន ១០, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៦ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៩។ លោកបន្តថា ការផ្តត់ផ្គង់និងតម្រូវការសាច់ប្រាក់សម្រាប់សម្រួលដល់សកម្មភាពសេដ្ឋកិច្ចក្នុងខេត្តបានកើនឡើង គួរឱ្យកត់សម្គាល់ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ជាពិសេសការប្រើប្រាស់ប្រាក់រៀលបានកើនឡើងយ៉ាងឆាប់រហ័ស ដល់ចំនួនប្រហាក់ប្រហែលនឹងការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដែរ។
លោក ទេសាភិបាលថ្លែងបញ្ជាក់ថា៖« ជាក់ស្តែង ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២០នេះ តម្រូវការប្រាក់រៀលពីសាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំ មានចំនួន ៤៤០ ប៊ីលានរៀល (ប្រមាណ១០៧ លានដុល្លារអាមេរិក) ហើយសាខា ក៏បានទទួលប្រាក់រៀលពីអតិថិជន ចំនួន ៥១១ ប៊ីលានរៀល (ប្រមាណ ១២៥ លានដុល្លារអាមេរិក) ធៀបនឹងការទទួលប្រាក់ដុល្លារអាមេរិក ១៣២ លានដុល្លារអាមេរិក។»
លោកថា នៅក្នុងការអនុវត្តមុខងារភារកិច្ចរបស់ខ្លួន សាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំ បានសម្រួលចរាចរណ៍សាច់ប្រាក់នៅក្នុងខេត្ត ដោយប្រសិទ្ធភាព, បានចូលរួមក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល, បានប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយឥតគិតថ្លៃ, បានឆ្លើយតបនឹងសំណួរនិងបណ្តឹងនានារបស់សាធារណជនលើការប្រើប្រាស់សេវាធនាគារ, តាមដានស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់ និងចូលរួមក្នុងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។
លោក ទេសាភិបាល បានវាយតម្លៃខ្ពស់ចំពោះការបំពេញមុខងារភារកិច្ចរបស់សាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំ។ ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យមន្ត្រី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ភាពស្មោះត្រង់ និងរក្សាការសម្ងាត់វិជ្ជាជីវៈ ដើម្បីបន្តបម្រើនិងផ្តល់សេវាដល់សាធារណជន ព្រមទាំងបន្តសហការល្អជាមួយមន្ទីរ អង្គភាព ស្ថាប័ន សាធារណៈនិងឯកជន ដើម្បីរួមចំណែកគាំទ្រនិងជំរុញដល់ការរីកចម្រើនសេដ្ឋកិច្ចក្នុងតំបន់ ដែលកើនឡើងឥតឈប់ឈរ។
ទន្ទឹមនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យមន្ត្រី-បុគ្គលិកបន្តខិតខំសិក្សាស្រាវជ្រាវ អភិវឌ្ឍចំណេះដឹងនិងជំនាញ។ ក្នុងពេលដែលជំងឺកូវីដ១៩ មិនទាន់មានថ្នាំបង្ការនៅឡើយ ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យមន្ត្រី-បុគ្គលិក ត្រូវបន្តថែរក្សាសុខភាព និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕ ដោយ ៖ CEN