យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ក្រោយពេលហោះចេញពីព្រលានយន្តហោះ Domodedovo ក្នុងទីក្រុងមូស្កូ ប្រទេសរុស្សី ផ្តាច់ជីវិតមនុស្សទាំង ៧១នាក់ដែលជិះនៅលើយន្តហោះ។ នេះបើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃច័ន្ទនេះ។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៏ Saratov Airlines បានបាត់ខ្លួន តែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយពេលហោះចេញពីព្រលាន។
មូលហេតុនេះការធ្លាក់នេះពុំទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ខណៈដែលក្រុមស៊ើបអង្កេតអ្នកភ្នាក់ងារសង្គ្រោះកំពុងធ្វើកិច្ចការនៅកន្លែងយន្តហោះធ្លាក់។
បំណែកយន្តហោះ និងសាកសពជាច្រើនត្រូវបានគេឃើញរាយរប៉ាត់រប៉ាយនៅកន្លែងធ្លាក់ ក្បែរភូមិ Argunovo ដែលមានចំងាយប្រមាណ ៨០គីឡូម៉ែត្រពីទីក្រុងមូស្លូ។
ប្រធានាធិបតីរុស្សី វ្លាដឺមៀ ពូទីណ (Vladimir Putin) បានសំដែងការរំលែកទុក្ខទៅដល់ក្រុមគ្រួសារជនរងគ្រោះ និងបានប្រកាសឲ្យមានការស៊ើបអង្កេតលើហេតុការណ៏នោះ។
សូមបញ្ជាក់ផងដែរថា នេះគឺជាការធ្លាក់យន្តហោះពាណិជ្ជកម្មលើដំបូងហើយសំរាប់ក្នុងឆ្នាំ ២០១៨នេះ ខណៈដែលឆ្នាំ ២០១៧ ជាឆ្នាំដែលមានសុវត្ថិភាពបំផុតសំរាប់ការហោះហើរតាមដែនអាកាស៕ សុភ័ក្ត្រ