វីដេអូឃ្លីបមួយ ដែលបង្ហាញរថយន្តទំនើប១គ្រឿងម៉ាក Lexus NX200T ពាក់ផ្លាកលេខភ្នំពេញ 2BH-8494 បានបើកបុកពីក្រោយម៉ូតូបុរសម្នាក់ ហើយថយមកកិនបន្ថែមរហូតទាល់តែស្លាប់ បានធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គម ផ្ទុះកំហឹងកញ្ជ្រោលខ្លាំងតែម្តង ព្រោះថា នេះជាទង្វើដ៏សាហាវព្រៃផ្សៃបំផុត ដែលមិនអាចអត់ទោសឲ្យបានឡើយ។
ហេតុការណ៍ដ៏សាហាវបំផុតនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៣០ នាទី យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅកែងផ្លូវ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង។ ជនបង្កត្រូវបានចាប់ខ្លួនថ្ងៃទី១៦ ខែតុលា មានឈ្មោះ យ៉ាន់ណាលីណា ភេទប្រុស អាយុ ៣០ ឆ្នាំមុខរបរពេទ្យធ្មេញស្នាក់នៅផ្ទះលេខ៥អឹម ក្រុមទី៤ ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ បានបញ្ជាក់ឲ្យដឹងថា ថ្ងៃនេះទី១៧ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចរបស់លោកនឹងបញ្ជូនសំណុំរឿងករណីនេះ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដេីម្បីចាត់ការបន្តតាមច្បាប់។
ទោះយ៉ាងណា ជាមួយនឹងទង្វើដ៏ព្រៃផ្សៃដែលមហាជនមិនអាចទទួលយកបាននេះផងដែរ ក្នុងនោះលោក ផេង វណ្ណៈ ដែលមានការឈឺចាប់យ៉ាងខ្លាំងជំនួសគ្រួសារជនរងគ្រោះ ក៏បានបង្ហោះសារព្រមានយ៉ាងដូច្នេះថា៖ «ផ្ដាំទៅអាពួក រត់ការអោយ ហេីយហាមរត់ការធ្វើសំបុត្រចេញពីពេទ្យឆ្កួត ( បេីមានពេទ្យណាចេញបញ្ជាក់អោយខ្ញុំមិនយោគយល់ទេ ) ហាមរត់ការក្លែងសំណុំរឿង ពីបទឧក្រិដ្ឋ (ឃាតក ម្មដោយចេតនា) មកជាបទមជ្ឈិម ( ឃា ត ក ម្ម ដោយអចេតនា ) បេីខ្ញុំស៊េីបដឹងថាឈ្មោះណារត់ការជួយសម្រាល អា ឃា ត ក នេះ ខ្ញុំនឹងមិនអត់ឱនអោយឡេីយ ។ បេីកបុ ក ហេីយមិនស្លា ប់ ថយក្រោយកិនថែមទាល់តែ ស្លាប់ មិនមែនអចេនាទេ បាទហេីយក៏មិនមែនមនុស្សវិកលចរិតដែរ គឺ ពេទ្យធ្មេញ មានចំណេះដឹង មានបញ្ញាស្មារតីរឹងមាំល្អណាស់ ។ យេីងត្រូវបន្តតាមដាន ករណីនេះ ទាំងអស់គ្នា»៕ ដោយ៖ លឹម ហុង