សភាពអឺរ៉ុប បានរឹតបន្តឹងទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងប្រទេសកុម្មុយនិស្តកូរ៉េខាងជើង ដោយការហាមមិនឲ្យមានការលក់ផលិតផលប្រេងចំរាញ់ទៅឲ្យប្រទេសផ្តាច់ការមួយនេះ ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង Yonhap កាលពីថ្ងៃច័ន្ទម្សិលមិញនេះ។
ក្រៅពីហាមការផ្គត់ផ្គង់ប្រេងចំរាញ់ រដ្ឋមន្ត្រីការបរទេសសភាពអ៊ឺរ៉ុប ក៏បានឯកភាពគ្នានៅក្នុងប្រទេសលុចសំបួរ (Luxembourg) ដោយមិនឲ្យមានចេញប័ណ្ឌការងារទៀតដល់ពលរដ្ឋកូរ៉េខាងជើងនៅក្នុងសហភាពអ៊ឺរ៉ុប។
សហភាពអ៊ឺរ៉ុបក៍ដាក់កំរិតដោយកាត់បន្ថយការផ្ញើលុយទៅកូរ៉េខាងជើងកម្មករដែលកំពុងធ្វើការនៅអ៊ឺរ៉ុប ពី ១៥.០០០អឺរ៉ូ មកត្រឹម ៥.០០០អឺរ៉ូវិញ។
មានការព្យាករណ៍ថា ការផ្ញើលុយរបស់កម្មករកូរ៉េខាងជើងរាប់ម៉ឺននាក់នៅបរទេស ទៅទីក្រុងព្យុងយ៉ាង អាចធ្វើឲ្យកូរ៉េខាងជើងសម្រេចបានកម្មវិធីអាវុធរបស់ខ្លួន។
ការដាក់ទណ្ឌកម្មថ្មីៗបំផុតនេះប្រឆាំងនឹងរបបព្យុងយ៉ាង គឺជាកិច្ចប្រឹងប្រែងរបស់អន្តរជាតិក្នុងការរឹតបន្តឹងកូរ៉េខាងជើង ដើម្បីដាក់សម្ពាធដល់ទីក្រុងព្យុងយ៉ាងឲ្យបោះបង់ចោលកម្មវិធីមីស៊ីល និងអាវុធប្រល័យលោករបស់ខ្លួន។
កាលពីខែមុន ក្រុមប្រឹក្សាអង្គការសប្រជាជាតិបានអនុម័តទណ្ឌកម្មបន្ថែមប្រឆាំងនឹងកូរ៉េខាងជើង ដោយកាត់បន្ថយការផ្គត់ផ្គង់ប្រេងទៅកូរ៉េខាងជើង និងបិទការនាំចេញផលិផលសំលៀកបំពាក់របស់កូរ៉េខាងជើង។
សម្ព័ន្ធមិត្តរបស់កូរ៉េខាងជើង គឺមហាអំណាចអាស៊ី ចិន ក៏បង្ខំចិត្តអនុវត្តសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិផងដែរ ដោយបានបិទក្រុមហ៊ុនរបស់កូរ៉េខាងជើងទាំងអស់នៅក្នុងប្រទេសចិន។
ទោះជាកំពុងហ៊ុំព័ទ្ធទៅដោយទណ្ឌកម្មយ៉ាងណាក៏ដោយ កូរ៉េខាងជើងធ្លាប់បានប្រកាសថា ទណ្ឌកម្មមិនអាចធ្វើឲ្យពួកគេបោះបង់កម្មវិធីនុយក្លេអ៊ែរបាននោះទេ ផ្ទុយទៅវិញវារឹតតែធ្វើឲ្យពួកគេខំពន្លឿនសកម្មភាពរបស់ខ្លួន ដើម្បីសម្រេចគោលដៅ៕ សុភ័ក្ត្រ