កំពង់ឆ្នាំង៖ មន្ត្រីជំនាញនិងអាជ្ញាធរត្រូវបានគេមើលឃើញថា ហាក់បីជាមានការស្ទាក់ស្ទើរចំពោះចំណាត់ការទៅលើម្ចាស់គ្រឿងចក្រជាច្រើនគ្រឿង ដែលបានធ្វើសកម្មភាពជីកកាយដីនៅក្នុងតំបន់ហាមឃាត់និងគ្មានច្បាប់អនុញ្ញាត។
សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តកំពង់ឆ្នាំង កាលពីរសៀល ថ្ងៃទី០៩ កុម្ភៈ ២០១៨ បានចុះឃាត់គ្រឿងចក្រជាច្រើនគ្រឿង ដែលកំពុងធ្វើសកម្មភាព ជីកកកាយដី នៅក្នុងតំបន់ហាមឃាត់និងគ្មានច្បាប់អនុញ្ញាតស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចចម្រុះបានដកហូតវត្ថុតាង រួមមាន រថយន្តដឹកដីចំណុះ ១៣មែត្រគូប ចំនួន៨ គ្រឿង ,អាប៊ុល ១គ្រឿង ,អាអ៊ិច ៣គ្រឿង និង រថយន្តដឹកទឹក ១គ្រឿងផងដែរ។
គិតត្រឹមព្រលប់ថ្ងៃទី១១ កុម្ភះ ២០១៨ នេះមានរយះពេល៣ថ្ងៃហើយ នៅមិនទាន់មានចំណាត់ការយ៉ាងណានៅឡើយទេ ខណះគេឃើញម្ចាស់គ្រឿងចក្រទាំងនោះ កំពុងរត់ការខ្វែងដៃខ្វែងជើងរកការជួយអន្តរាគមន៍ អោយមានការដោះលែង៕ ដោយ៖ ចៅ សន