Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រយៈពេល ៩ ខែ​នៃ​ឆ្នាំ​២០២០ បទល្មើស​ធនធានធម្មជាតិ​ចំនួន ៩៥៤ ករណី​ត្រូវបាន​បង្ក្រាប​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​

spot_img

​ភ្នំពេញ​៖​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន រួម​នឹង​សមាជិក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​បង្កើតឡើង​ដោយ​ស្របច្បាប់​និង​ទទួលស្គាល់​ដោយ​ក្រសួងបរិស្ថាន​បាន​បន្ត​កិច្ច​សហការគ្នា​ក្នុង​ការចុះ​ល្បាត​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​និង​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​។ ក្នុង​រយៈ ពេល ៩ ខែ​ឆ្នាំ​២០២០ គឺ​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​សហគមន៍​តំបន់ការពារធម្មជាតិ​បាន​ចុះ​ល្បាត​បាន​ចំនួន ១៨២៣ លើក ដែល​ក្នុង​ប្រតិបត្តិ​ការចុះ​ល្បាត​នោះ បទល្មើស​ធនធានធម្មជាតិ​ចំនួន ៩៥៤ ករណី​ត្រូវបាន​បង្ក្រាប ហើយ​បាន​កសាង និង​បញ្ជូន​សំណុំរឿង​ចំនួន ៤០ ករណី​ទៅ​តុលាការ ធ្វើការ​អប់រំ​និង​ចុះកិច្ចសន្យា​បញ្ឈប់​សកម្មភាព​ចំនួន ៤២០ ករណី និង​ពិន័យ​អន្តរការណ៍ ៤១ ករណី​។ នេះ​បើតាម​ការ​ថ្លែង​ឱ្យដឹង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួង​​បរិស្ថាន​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ នេះ​ដោយ​សង្កេតឃើញថា​បទល្មើស​នៅ​តំបន់​មួយចំនួន​មានការ ថយចុះ ដោយសារ​តែមាន​កិច្ចសហការ​ស្អិតរ​មួ​ត​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ ការបង្កើត​ស្នាក់ការ​ល្បាត​ចល័ត ការរៀបចំ​ផែនការ​ល្បាត​បាន​ល្អិតល្អន់ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​។

ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន នេត្រ ភក្ត្រា បាន​ថ្លែងឱ្យដឹងថា​នៅក្នុង​រយៈពេល​៩ ខែ​នេះ​
​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​បង្ក្រាប​បទល្មើស​និង​រឹបអូស​រណា​យន្ត​បាន​ចំនួន ៤៣៣ គ្រឿង រថយន្ត​៩ គ្រឿង គោយន្ត​ចំនួន​១០៦ គ្រឿង និង​ម៉ូតូ ៤៦ គ្រឿង រឹបអូស​ឈើ​ចំនួន ៣០៣ ម៉ែត្រគូប ដោះ​អន្ទាក់​បាន​ចំនួន ១៦៧៧ អន្ទាក់ និង​ដកហូត​និង​រឹបអូស​កាំភ្លើង​កែច្នៃ​បាន​ចំនួន ១០៣ គ្រឿង​។ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា​នេះ​គឺជា​កិច្ចខិតខំ​ប្រឹង ប្រែង​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​នៃ​តំបន់ការពារធម្មជាតិ ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​តំបន់​ព្រៃ ឡង់​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​។ ជាមួយគ្នានេះ រដ្ឋលេខាធិការ​ក្រសួង​បរិ ស្ថាន​រូបនេះ​ក៏បាន​លើកឡើងថា ទោះបី​ជាមាន​ការចុះ​ទប់ស្កាត់ និង​បង្ក្រាប​ទាំងយប់​ទាំង​ថ្ងៃ​ពី​សំណាក់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​សមាជិក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​ក៏​បទល្មើស​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​តូច​ដូច​ជាការ​លបលួច​កាប់​ឈើ ការទន្ទ្រាន​រាន​យក​ដី ធ្វើជា​កម្មសិទ្ធិ​ការ​បរ បាញ់​និង​ការដាក់​អន្ទាក់​សត្វព្រៃ​នៅតែ​បន្ដ​កើតមាន​នៅក្នុង​តំបន់​ព្រៃ​ឡង់​ដែល​ចាំបាច់​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​បន្តទៀត​។

​ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា មាន​កត្តា​ផ្សេងៗ​ដែល ជំរុញឱ្យមាន​បទល្មើស​ទាំងនេះ​ក្នុងនោះ​រួមមាន កត្ដា​ជីវភាព​របស់​ប្រជា​សហគមន៍ ដែល​ធ្លាប់តែ​ពឹង អាស្រ័យ ទៅលើ​ផល អនុផល​ព្រៃឈើ និង​ការទាក់ទាញ និង​ញុះញង់​ពី​សំណាក់​ក្រុម​ឈ្មួញ​ទុច្ចរិត គួបផ្សំ​នឹង​ចំនួន​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ដែល​បាន​ឈរជើង​នៅក្នុង​តំបន់​នោះ​នៅមានកម្រិត​នៅឡើយ​។ ទោះយ៉ាងណា ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា កម្លាំង​មាន​សមត្ថកិច្ច​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ការតាំង​ចិត្ត​ខ្ពស់​ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​យ៉ាង​ហ្មឺ​ង​ម៉ាត់​ប្រឆាំងនឹង​បទល្មើស​ធនធានធម្មជាតិ​ដែល​កើតឡើង​ស្របតាម​ច្បាប់​នានា​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន នេត្រ ភក្ត្រា ក៏បាន​លើកឡើង​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងបរិស្ថាន និង​ដៃគូ​អភិវឌ្ឍ​បាន​យក​ចិ​ត្ដ​ទុកដាក់​ខ្ពស់​លើ​ការរៀបចំ និង​ពង្រឹង​យន្ដការ​គ្រប់គ្រង ការផ្ដល់​មធ្យោបាយ ឧបករណ៍ សម្ភារ ក៏ដូចជា​ការជួយ​លើកស្ទួយ​ជីវភាព​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​បន្ថែមទៀត​តាមរយៈ​ការបង្កើត​មុខរបរ​ថ្មី បង្កើត​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន បង្កើន​ចំណូល​ការជំរុញ​ទេសចរណ៍ធម្មជាតិ​ជាដើម ដើម្បី​ធានា ប្រសិទ្ធភាព​នៃ​ការងារ​គ្រប់គ្រង ការពារ និង​អភិរក្ស​តំបន់​ព្រៃ​ឡង់​។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន​បាននិងកំពុង​សហការ​អនុវត្ត​គម្រោង​ការពារ​និង​អភិរក្ស​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ជាមួយ​គម្រោង​ព្រៃ​​ឡង់​បៃតង​គាំទ្រ​ថវិកា​ដោយ USAID របស់​សហ រដ្ឋ​អាមេរិក​សម្រាប់​រយៈពេល ៥ ឆ្នាំ (២០១៨-២០២៣) ក្នុង​ទំហំ​ទឹកប្រាក់ ២១ លាន​ដុល្លារ​។​

​ឯកឧត្តម​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​និង​ដៃគូ​អភិវឌ្ឍន៍​កំពុង​អនុវត្ត​ផែនការ​សកម្មភាព​នានា​ដើម្បី​ធ្វើ​ប្រសើរឡើង​នូវ​ការអភិរក្ស ជីវៈចម្រុះ និង ស្ថានភាព​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ព្រមទាំង​បង្កើតឱ្យមាន​និរន្តរភាព និង​សមធម៌​នៃ​កាលានុវត្តភាព ផ្នែក​សេដ្ឋកិច្ច ជីវភាព​សហគមន៍ និង​ទុន​ធម្មជាតិ​សម្រាប់​ការវិនិយោគ​ឡើងវិញ នៅក្នុង​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​»​និង​តំបន់​កា​ពារ​ធម្មជាតិ ជុំវិញ​តំបន់​ព្រៃ​ឡង់​។ គម្រោង​នេះ មាន​កិច្ចសហការ​ជាមួយ​ក្រសួង បរិស្ថាន ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ការការពារ អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ ផ្តោតលើ​ការងារ​កំណត់ និង​បែងចែក​តំបន់​គ្រប់គ្រង ការបោះបង្គោល​ព្រំប្រទល់ ការរៀបចំ​ផែនការ​គ្រប់គ្រង និង​ការចុះបញ្ជី​ដី​រដ្ឋ នៅ​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» និង​តំបន់​ការពារ ធម្មជាតិ​មួយចំនួន​ជុំវិញ តំបន់​ព្រៃ​ឡង់ បណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព មន្ត្រី​ឧ​ទ្យា​នុ​រក្ស ក៏ដូចជា​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​អភិរក្ស​ប្រពៃណី​ជនជាតិដើម​ភាគតិច​។​

​សូមបញ្ជាក់ថា​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ត្រូវបាន​បង្កើតឡើង​ដោយ​​អនុក្រឹត្យ នៅ​ខែឧសភា ឆ្នាំ ២០១៦ មាន​ផ្ទៃដី​ជាង ៤៣ ម៉ឺន​ហិកតា ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន ៤ រួមមាន ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។ ប​ច្ច​ប្បន្ន​នេះ​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ៨៤ នាក់​បាននិងកំពុង​ឈរជើង​ការពារ​នៅក្នុង​នោះ ខេត្តកំពង់ធំ​មាន ៣៤ នាក់ ខេត្តស្ទឹងត្រែង​មាន ២៤ នាក់ និង​ខេត្តក្រចេះ​ចំនួន ១២ នាក់ ខេត្តព្រះវិហារ​ចំនួន ១៣ នាក់ ហើយ​សហគមន៍​តំបន់ការពារធម្មជាតិ​មាន​ចំនួន ១៩ នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ដែល​បាន​ចូលរួម​សហការ​ចុះ​ល្បាត​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​៕ដោយ៖​បញ្ញា​ស័ក្តិ​

spot_img
×