បន្ទាយមានជ័យ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលណែនាំដល់ប្រជាពលរដ្ឋ ជម្លៀសពីឃុំបត់ត្រង់ ក្នុងស្រុកមង្គលបូរី ចំនួន២០០គ្រួសារ រស់នៅលើទីទួលសុវត្ថិភាពលើផ្លូវវាងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តលមុង១ និងថ្នាំជ្រលក់ទឹក ២០០គ្រួសារផងដែរ ។
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំក្រុមការងារ ដែលមានវត្តមានលោកជំទាវវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកជំទាវរដ្ឋលេខាធិការពីរនាក់ និងមន្ត្រីសុខាភិបាលមួយចំនួនទៀត បានធ្វើដំណើរចុះទៅពិនិត្យស្ថានភាពទឹកជំនន់ជន់លិចមន្ទីរពេទ្យថ្មពួក និងមូលដ្ឋានសុខាភិបាលមួយចំនួន នៅក្នុងខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៌ពីលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យក្រុមការងារដឹងថា: នៅថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ១៩និង២១ នាទី មានទឹកហូរធ្លាក់យ៉ាងគំហុក លិចពីប្រទេសថៃ ជន់លិចឃុំមួយចំនួនរបស់ស្រុកថ្មពួក ក្នុងនោះ បានធ្វើឲ្យមានការជន់ទឹកលិចមន្ទីរពេទ្យបង្អែកថ្មពួក ស្រុកប្រតិបត្តិថ្មពួក និងមណ្ឌលសុខភាពគំរូ ដែលទីតាំងទាំងបីនេះ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកថ្មពួក ដោយមានកំពស់ទឹកជន់លិច ប្រហែល១ម៉ែត្រ ហើយកន្លែងខ្លះអាចលើសពីនេះ។
ចំពោះអ្នកជម្ងឺចំនួន១៣នាក់ដែលកំពុងព្យាបាល ត្រូវបានជួយសង្គ្រោះជម្លៀសដឹកចេញទៅកាន់មន្ទីរពេទ្យបង្អែកស្វាយចេក បានទាន់ពេលវេលា ហើយករណីជំងឺធ្ងន់០១នាក់ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តមង្គលបូរី រីឯអ្នកជម្ងឺផ្សេងទៀតចំនួន ២៧នាក់ ដែលមានសភាពធូរស្បើយ ខ្លះ បានសុំចេញទៅផ្ទះ ខ្លះទៀតត្រូវបាននាំយកចេញទៅសម្រាកនៅផ្ទះបងប្អូននៅជិតមន្ទីរពេទ្យដែលមិនលិចទឹក។
រីឯសម្ភារ-បរិក្ខារពេទ្យសំខាន់ៗ ដូចជា ម៉ាស៊ីនអេកូសាស្ត្រ ឱសថ និងបរិក្ខាពេទ្យសំខាន់ៗមួយចំនួន ត្រូវបានកម្លាំងកងទ័ពជួយអន្តាគមន៍លីសែងដាក់លើទូក យកមកលើគោក។ ចំពោះ អគ្គិសនី ត្រូវបានបិទទាំងស្រុង ហេីយស្ថានភាពជាក់ស្តែង តាមការពិនិត្យជាបឋម ទំហំនៃការខូចខាតមន្ទីរពេទ្យបង្អែកថ្មពួកនេះ គឺអាចលើសពី ៧០%។ រីឯបុគ្គលិក និងក្រុមគ្រូពេទ្យមួយចំនួនធំដែលបម្រើការនៅក្នុងមន្ទីរពេទ្យបង្អែកថ្មពូក ក៏ត្រូវរងនូវទឹកជន់លិចលង់ផ្ទះសម្បែងរបស់ពួកគាត់ដែរ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសំដែងនូវការសោកស្តាយចំពោះគ្រោះទឹកជំនន់នេះ ហើយបានណែនាំមន្ទីរសុខាភិបាលខេត្ត ចាត់ចែងបន្ត ឲ្យមានក្រុមគ្រូពេទ្យចល័ត និងប្រចាំការ បន្តការយកចិត្តទុកដាក់ផ្តល់សេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងណែនាំឲ្យរៀបចំផែនការសម្រាប់រៀបចំឡើងវិញនូវការខូចខាតទាំងប៉ុន្មាន ក្រោយពេលទឹកស្រកទៅវិញ ព្រមទាំងអំពាវនាវឲ្យបងប្អូនប្រជាលរដ្ឋ មានការប្រុងប្រយ័ត្ន រក្សាអនាម័យដៃ និងខ្លួនប្រាណ ឲ្យបានជាប់ជាប្រចាំ អនាម័យចំណីអាហារ ពិសេសត្រូវប្រើប្រាស់ទឹកស្អាត ពិសាទឹកដាំពុះ ដើម្បីចៀសវាងជំងឺរាករូស រាកមួយ ឫពុលចំណីអាហារ ប្រយ័ត្នពស់ចឹក និងសត្វអសិរពិសទិចឫខាំ ការពារកូនចៅក្រែងលង់ទឹក និងការពារជំងឺឆ្លងដូចជាគ្រុនផ្តាសាយធំ គ្រុនឈីក គ្រុនឈាម គ្រុនចាញ់ ជំងឺរលាកផ្លូវដង្ហើម ជំងឺកូវីដ-១៩ ជំងឺរលាកបំពង់ក កមរមាស់ជាដើម។
ឯកឧត្តមសាស្ត្ររដ្ឋមន្ត្រី ពិនិត្យការងារ ក៏បានចែកមុងនៅទីទួលសុវត្ថិភាព នៅស្រុកមង្គលបូរីចំនួន ២០០គ្រួសារផងដែរ។
ព័ត៌មានផ្តល់ជូនដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជសអ្នកនាំពាក្យក្រសួងសុខាភិបាល ដែលបានចូលរួមចុះពិនិត្យដោយផ្ទាល់នៅមន្ទីរពេទ្យបង្អែកថ្មពួក ខេត្តបន្ទាយមានជ័យ៕ដោយ៖បញ្ញាស័ក្តិ