ភ្នំពេញ ៖ នេះជាការលើកឡើងរបស់ឯកឧត្តមកុយ គួង អ្នកនាំពាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៩ ខែតុលាការនេះថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានជួយសម្របសម្រួលជូនពលករខ្មែរចំនួន២៧នាក់ ដែលបានបញ្ចប់កិច្ចសន្យាការងារ នៅក្នុងរោងចក្រវាយនភណ្ឌចំនួន២ (VegaTextileCo.,Ltd.និងCamelTextile International Corporation) នៅប្រទេសហ្ស៊កដានី ឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ។
ឯកឧត្តមបានឲ្យដឹងថា ពលករខ្មែរទាំងនោះ នឹងតាមរយៈជើងយន្តហោះរបស់ក្រុមហ៊ុមអាកាសចរណ៍ QatarAirwaysលេខQR401 ចាកចេញពីទីក្រុង Amman ប្រទេសហ្ស៊កដានី នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង១៩និង៤០ ដោយធ្វើដំណើរឆ្លងកាត់ប្រទេសកាតា និងកូរ៉េ ហើយបានមកដល់កម្ពុជាតាម ជើងយន្តហោះ KoreanAir លេខ KE៦៨៩ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២២និង១០។
គួរជម្រាបជូនផងដែរថា ស្ថានឯកអគ្គរាជទូត បានជួយសម្របសម្រួលជូនពលរដ្ឋខែ្មរ រស់នៅប្រទេសហ្ស៊កដានី បានចំនួន៣លើក សរុបចំនួន៨៤នាក់ ឱ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព៕ ដោយ៖ឡេងបញ្ញាឬទ្ធិ