ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ បានទទួលអំណោយ ឧបត្ថម្ភ នូវអង្ករចំនួន៥០តោនពីលោកឧកញ៉ា ថោងសារ៉ាត់ នាយកប្រតិបត្តិក្រុមហ៊ុន UK Condo និងលោកជំទាវ នៅព្រឹកថ្ងៃទី២១ខែតុលា ឆ្នាំ២០២០នេះ ដើម្បីយកទៅចែកជូនបន្ដដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
ក្នុងពិធីទទួលអំណោយនៅសាលារាជាធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណចំពោះលោកឧកញ៉ាដែលបានចូលរួមឧបត្ថម្ភជាអង្ករចំនួន៥០តោនដល់រដ្ឋបាលរាជធានីភ្នំពេញដើម្បីយកទៅប្រើសម្រាប់ចែកបន្ដជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ពិសេសប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។
ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា លោកជំទាវ សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភ សម្រាប់ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់។ ឯកឧត្តម អភិបាលបានសន្យានឹងនាំយកអំណោយទាំងនោះ ទៅជួយដល់ដៃប្រជាពលរដ្ឋរងគ្រោះ ហើយបើនៅសេសសល់នឹងបន្តយកទៅជួយជនក្រីក្រ នៅតាមមូលដ្ឋានដោយមិនធ្វើឲ្យម្ចាស់អំណោយខកចិត្តឡើយ។
លោកឧកញ៉ា ថោង សារ៉ាត់ នាយកប្រតិបត្តិក្រុមហ៊ុន UK Condo បានមានប្រសាសន៍ថា ទោះជាតិចក្តីច្រើនក្តី លោកឧកញ៉ានិងក្រុមគ្រួសារនឹងខិតខំប្រឹងប្រែងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ និងជួបបញ្ហានានាក្នុងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយសារទឹកភ្លៀងដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានបណ្តាលឲ្យមនុស្ស៣១ នាក់ហើយ បានស្លាប់បាត់បង់ជីវិត និងប៉ះពាល់ប្រជាពលរដ្ឋប្រមាណជាង៣១ ម៉ឺននាក់ រួមទាំងកសិផលនិងទ្រព្យសម្បត្តិជាច្រើនទៀត៕ដោយ៖បញ្ញាស័ក្តិ