ភ្នំពេញ៖យោងតាមសេចក្តីជូនដឹណឹងរបស់ធនាគារជាតិ នៅថ្ងៃទី២១ តុលានេះ បានបញ្ជាក់ថាក្នុងស្ថានភាពដែលខេត្ត ក្រុងមួយចំនួននៃប្រទេសកម្ពុជា ទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ធនាគារជាតិនៃកម្ពុជាស្នើសុំដល់គ្រឹះស្ថានធនាគារនិងហិរញ្ញ បន្តកិច្ចសហការល្អ ក្នុងក្របខ័ណ្ឌការពារអតិថិជន និងបន្តអនុគ្រោះតាមលទ្ធភាពចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់ ។
ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តអនុគ្រោះ ដល់អ្នកខ្ចីប្រាក់ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ឱ្យដូចការអនុគ្រោះចំពោះអ្នករងផលប៉ពាល់ដោយសារជំងឺកូវីដ១៩ តាមរយៈការមិនរឹបទ្រព្យ និងការរៀបចំឥណទានសារឡើងវិញជាដើម។
ធនាគារជាតិបានឱ្យដឹងថា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុវត្តយ៉ាងល្អ នូវអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដូចជាការរៀបចំឥណទានឡើងវិញ ការអនុគ្រោះបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និងការលើកលែងការផាកពិន័យផ្សេងៗនិងការរឹបអូសទ្រព្យបញ្ចាំ ដោយមិនមានដីការពីតុលាការជាដើម ដើម្បីជួយសម្រាលបន្ទុករបស់អ្នកខ្ចីប្រាក់។
ធនាគារជាតិសង្ឃឹមថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងបន្តចូលរួមសហការប្រកបដោយការយោគយល់ និងអធ្យាស្រ័យខ្ពស់តាមស្ថានភាពជាក់ស្តែង។ ការស្នើរបស់ធនាគារជាតិនាពេលនេះ ដោយសារតែទឹកជំនន់ បានបណ្តាឱ្យពលរដ្ឋកម្ពុជាចំនួនជាង១សែនគ្រួសារ ដែលស្មើជាង៤១ម៉ឺន រងផលប៉ះពាល់ ដូចជាប៉ះពាល់ដល់អាជីវកម្ម និងការខូចខាងផលដំណាំជាដើម។
បើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងថា ក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ ចំនួនអ្នកខ្ចីប្រាក់ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាប្រមាណជាង ២៨ម៉ឺននាក់បានដាក់ពាក្យស្នើសុំការរៀបចំឥណទានឬ ប្រាក់កម្ចី ឡើងវិញក្នុងនោះមានអតិថិជនជាង២៧ ម៉ឺននាក់ហើយ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំទឹកប្រាក់កម្ចីសរុប១.២៧០លានដុល្លារអាមេរិក៕ ដោយ៖ឡេង បញ្ញាឬទ្ធិ