ភ្នំពេញ៖ សមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់តារាចម្រៀង សាន ស្រីឡៃ គឺជាប្តីរបស់ខ្លួន (ជាប្តីទី២)។ ករណីឈានដល់ការបាញ់ប្រហារនេះកើតឡើងដោយសារភ្លើងប្រច័ណ្ឌ។
គួរបញ្ជាក់ថា៖បច្ចុប្បន្ន នេះតារាចម្រៀង សាន ស្រីឡៃ មានកូនពីរនាក់ ជាកូនប្តីមុនឬប្ដីដើម។ ចំណែកម្តាយ នាងជាស្ត្រីមេម៉ាយ។ ចំណែកខ្មាន់កាំភ្លើងជាប្តី ដែលបាញ់សម្លាប់តារាចម្រៀងសាន្ត ស្រីឡៃនេះជាបុរសធ្លាប់មានប្រពន្ធនិងកូនហើយដែរ ជាមន្ត្រីគយ ឈ្មោះ ជ័យ រិន មានស្រុកកំណើតនៅខេត្តព្រៃវែង។
ចំពោះករណីខាងលើនេះស្ថានីយ៍ទូរទស្សន៍ហង្សមាស នឹងចំណាយថវិកាទាំងស្រុងលើការរៀបចំបុណ្យសពតារាចម្រៀង សាន ស្រីឡៃ ដែលជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២។ ក្រុមការងារមួយក្រុមរបស់ក្រុមហ៊ុន បានជួយចាត់ចែងរថយន្តដឹកសព និងចាត់ចែងការងារពិធីបុណ្យសពនៅវត្តសែនសុខ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកសាកសពខ្មាន់កាំភ្លើងដែលជាអតីតប្តី ត្រូវបានបញ្ជូនទៅធ្វើបុណ្យនៅឯស្រុកកំណើតនៅខេត្តព្រៃវែង។
គួរបញ្ជាក់ថា៖អំពើឃាតកម្មបាញ់សម្លាប់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សាន ស្រីឡៃ ចំនួន៣គ្រាប់បណ្ដាលឲ្យស្លាប់ភ្លាមនៅក្នុងមន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន នាល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ជនដៃដល់ត្រូវបានសមត្ថកិច្ចអះអាងថាជាប្ដីរបស់ស្ដ្រីរងគ្រោះបច្ចុប្បន្នជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន។
ជនដៃដល់ដែលបាញ់សម្លាប់ សាន ស្រីឡៃ រួចបាញ់សម្លាប់ខ្លួនឯងបណ្ដាលឲ្យ ដេកស្លាប់ក្បែរស្ដ្រីរងគ្រោះនោះ មានឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំ ដែលបច្ចុប្បន្នជាមន្ដ្រីនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច៕ ដោយ៖ជាលី