ភ្នំពេញ៖ តារាសម្តែង ឌី សូនីតា ថ្មីៗនេះ បានធ្វើឲ្យមហាជនជាពិសេសអ្នកគាំទ្រ ផ្ទុះការភ្ញាក់ផ្អើល ស្រឡាំងកាំងគ្រប់ៗគ្នាតែម្តង ក្រោយពីនាងស្រាប់តែលេចមុខក្នុងវីដេអូ បង្ហាញមានផ្ទៃពោះគ្រប់ខែបាត់ទៅហើយ ទាំងពុំទាន់បានរៀបការ។
តាមរយៈវីដេអូចេញជាផ្លូវការ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ តារាសម្តែង ឌី សូនីតា បានអះអាងថា កូនដែលនៅក្នុងផ្ទៃនោះគឺជាតំណក់ឈាមរួមគ្នាជាមួយដៃគូសម្តែង លោក អាឡិច ហ្សូរ៉ា តែម្តង ខណៈដែលអ្នកទាំងពីរមិនដែលបានបានបង្ហាញពីរឿងមង្គលការអ្វីសោះ ពោលគឺសូម្បីតែការភ្ជាប់ពាក្យក៏គ្មានផងនោះ។
តែយ៉ាងណា អ្នកទាំងពីរក៏បានធ្វើការសុំទោសដល់មហាជនផងដែរ ចំពោះការមានផ្ទៃពោះទាំងមិនទាន់រៀបការបែបនេះ ព្រោះក៏ដឹងខ្លួនថាជាតារា ជាមនុស្សរបស់មហាជន ដែលមិនគួរណាធ្វើរឿងជ្រុលហួសខុសប្រពៃណីបែបនេះនោះទេ។
ទាក់ទងនឹងការសម្រេចចិត្តយកកូនទាំងមិនទាន់បានរៀបការឲ្យមហាជនបានដឹងឮ ឌី សូនីតា បានលើកឡើងហេតុផលថា មានបញ្ហាផ្ទាល់ខ្លួនទាក់ទងនឹងសុខភាពរបស់នាងច្រើនដែលទស្សនិកជនមិនអាចដឹងបាន។ នាងក៏បានអះអាងថា ក្រុមគ្រួសារនាងមានជំងឺតំណរពូជដែលពិបាកនឹងពរពោះក្រោយវ័យ៣០ ឆ្នាំ ទើបបានជានាងសម្រេចចិត្តទទួលយកដំណក់ឈាមមួយនេះ ដោយមិនបានឆ្លងកកាត់ការរៀបការ។ ហើយនាងក៏មិនលាក់លៀមនោះដែរ ដោយជំងឺតំណពូជនោះ គឺគីសដែលជាបញ្ហាដ៏ប្រឈមគ្រោះថ្នាក់សម្រាប់ការមានកូន។
បន្ថែមពីនេះ ឌី សូនីតា បានរៀបរាប់តាមរយៈ Caption វីដេអូថា៖ “នេះគឺជាវីដេអូជាផ្លូវការរបស់នាងខ្ញុំ ដែលបានសន្យាថានឹងបង្ហោះជូនបងប្អូនក្នុងថ្ងៃនេះ នាងខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូនទាំងអស់មិនថាក្នុងស្រុកឬក្រៅស្រុកយោគយល់ និងអធ្យាស្រ័យដល់រូបនាងខ្ញុំ។ មូលហេតុនិងហេតុផលនៃរឿងនាងខ្ញុំបានបកស្រាយនៅក្នុងវីដេអូនេះអស់ហើយ សង្ឃឹមថាកាដុងនឹងនៅតែជាមនុស្សម្នាក់នៅក្នុងចិត្តបងប្អូន ជាមនុស្សដែលបងប្អូនតែងតែអោយតម្លៃនិងជាតារាម្នាក់ ដែលធ្វើអោយបងប្អូនសើចសប្បាយរីករាយរហូតទៅ។ សូមទោសហើយក៏អរគុណដល់ពុកម៉ែបងប្អូនដែលអធ្យាស្រ័យ #Smile #comming# #soon-“។
ដោយឡែក នៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ ដែលជាថ្ងៃនាងត្រូវសម្រាលកូន ឃើញថាក៏មានវត្តមានតារាសម្តែង គឹម លីហ្សា និងស្វាមី មកផ្តល់កម្លាំងចិត្តដល់អ្នកទាំងពីរផងដែរ។ ក្នុងនោះតាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន អ្នកនាង គឹម លីហ្សា ក៏បានបង្ហោះសារយ៉ាងរំភើបចិត្តថា៖ «មកមើល Mummy ថ្មី ហើយក៏កំពុងទន្ទឹងចាំមើលមុខក្មួយ Smile Dy Sonita Alexora John»៕ ដោយ៖ លឹម ហុង