បាត់ដំបង៖តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងអាជ្ញាធរខេត្តនិងក្រុមអ្នកម្ដាយខេត្តបាត់ដំបង បាននាំអំណោយសម្ដេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាជាតិនិងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិនរួមនិងសប្បុរសជនទៅចែកជួនពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនិងជនក្រីក្រចំនួន ៤២២គ្រួសារ រស់នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបងកាលពីថ្ងៃទី២២ ខែតុលាឆ្នាំ២០២០។
អំណោយទាំងអស់នោះតាមរយៈឯកឧត្តម ឈាង វុន តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង រួមទាំងលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តនិងក្រុមអ្នកម្ដាយខេត្តបាត់ដំបង។
ឯកឧត្តម ឈាង វុនតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានមានប្រសាសន៍ថា បញ្ហាគ្រោះទឹកជំនន់ កំពុងកើតឡើងតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាប៉ះពាល់ផ្ទះសម្បែង ដំណាំកសិកម្មនិងរហូតមានពលរដ្ឋបាត់បង់ជីវិត បានធ្វើឲ្យថ្នាក់ដឹកនាំរដ្ឋសភានិងរាជរដ្ឋាភិបាលមានការសោកស្ដាយជាខ្លាំង។ដោយខ្វល់ខ្វាយពីសុខទុក្ខ របស់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះ សម្ដេច ហេង សំរិន បានចាត់ឯកឧត្តមនិងក្រុមការងារចុះជួយនិងនាំអំណោយតិចតួចចែកជូនពលរដ្ឋរងគ្រោះ។ទោះអំណោយនេះ មិនមានច្រើនក៏ដោយ ក៏អាចជួយដោះបញ្ហាបានបណ្ដោះអាសន្ន ទម្រាំទឹកស្រកអស់ ហើយពលរដ្ឋអាចធ្វើកសិករបានឡើងវិញ។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានអំពាវនាវដល់ពលរដ្ឋតាមបណ្ដាស្រុកមួយចំនួននិងអ្នករស់នៅតាមដងស្ទឹងឬដងអូរបន្តមានការប្រុងប្រយ័ត្នខ្ពស់ថែមទៀត ខណៈបញ្ហាទឹកជំនន់ បានឡើងជាថ្មី ដែលមានដូចជាស្រុកសំឡូតនិងស្រុករុក្ខគិរី។
លោក សឿម ប៊ុនរិទ្ធ បានអំពាវនាវសូមឲ្យពលរដ្ឋមានការប្រយ័ត្នពីកូនចៅតូចៗ កុំឲ្យលេងទឹក ត្រូវថែរក្សាសុខភាព មានអនាម័យ បរិភោគទឹកស្អាតនិងបញ្ហាសត្វអសិរពិស ហើយបើមានជំងឺឈឺដង្កាត់អ្វី ត្រូវឆាប់ទៅពេទ្យនៅជិតបំផុត ដើម្បីឲ្យពេទ្យព្យាបាលឲ្យជា ចៀសវាងកើតជំងឺរាតត្បាត។
គួរបញ្ជាក់ថា ក្នុងខេត្តបាត់ដំបង គ្រោះជំនន់ទឹកភ្លៀងបានកើតឡើង បណ្ដាលឲ្យប៉ះពាល់ពលរដ្ឋជាង ៧ម៉ឺនគ្រួសារ ហើយអាជ្ញាធរខេត្ត រួមទាំងសប្បុរសជននានា បានចុះចែកអំណោយដល់ពលរដ្ឋបានប្រមាណជាង ៣៦០០០គ្រួសារផងដែរ ៕ ដោយៈអ៊ុងសារុំ