កងកំលាំងនៅក្នុងប្រទេសភីលីភីនភាគខាងត្បូង បាននិយាយថា ពួកគេបានសំលាប់សកម្មប្រយុទ្ធម្នាក់ ឈ្មោះ Isnilon Hapilon ដែលជាមេដឹកនាំរបស់ក្រុមភវរករ IS នៅតំបន់អាស៊ីអាគ្នេយ៍។
Isnilon Hapilon គឺជាមេដឹកនាំក្រុមភវករ ដែលស្ថិតក្នុងបញ្ជី ដែលអាមេរិចកំពុងត្រូវការបំផុតនោះ ត្រូវបានទាហ៊ានភីលីពីនសម្លាប់ក្នុងទីក្រុងអ៊ីស្លាមម៉ារ៉ាវី (Marawi) ជាមួយនឹងសកម្មប្រយុទ្ធដ៏សំខាន់ម្នាក់ទៀតឈ្មោះ Omar Maute។
ទីក្រុងម៉ារ៉ាវី ត្រូវបានកាន់កាប់ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ចាប់តាំងពីមានការវាយប្រហារបះបោរកាលពីខែឧសភាកន្លងទៅ។
សេចក្តីរាយការណ៍ពីការស្លាប់របស់មេដឹកនាំក្រុមភវរករនេះកើតឡើង ក្រោយពេលទាហ៊ានភីលីពីនវាយសន្ធាប់ដើម្បីបញ្ចប់ការឡោមព័ទ្ធ ក្រោយពេលមានការប្រយុទ្ធគ្នាអស់ជាច្រើនខែរវាងកងកំលាំងរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធ។
ក្រុងម៉ារ៉ាវី គឺជាតំបន់របស់ក្រុមប៉ះបោរអ៊ីស្លាមជាច្រើនក្រុម ដែលក្រុមខ្លះបានស្វែងរកការចងសម្ព័ន្ធជាមួយនឹងក្រុមរដ្ឋអ៊ីស្លាម IS ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
Isnilon Hapilon គឺជាមេដឹកនាំរបស់ក្រុមអាបូសាយាហ្វ ដែលជាក្រុមល្បីល្បាញខាងចាប់ចំរិត ឆក់ប្លន់ និងកាត់ក្បាលចំណាប់ខ្មាំង រួមមានចំណាប់ខ្មាំងបរទេស៕