ភ្នំពេញ៖ មនុស្សភាគច្រើន ជាពិសេសនារីៗ តែងតែសន្សំលុយញាត់ចូលក្នុង «ធនាគារកូនជ្រូក» តាមខ្នាតតូច ខ្នាតធំ ដែលទិញមកពីផ្សារ ដើម្បីកាត់បន្ថយការចាយវាយខ្ជះខ្ជាយអស់ដោយមិនដឹងខ្លួន។ ពិតមែនហើយ មិនត្រឹមធ្វើឲ្យអ្នកអាចដោះទាល់ការលំបាកក្នុងគ្រាណាមួយប៉ុណ្ណោះទេ តែវាក៏អាចធ្វើឲ្យជីវភាពរបស់អ្នកល្អប្រសើរផងដែរ ប្រសិនបើអ្នកតាំងចិត្តសន្សំលុយតាមរយៈវិធីមួយនេះ។
តែយ៉ាងណា ការសន្សំលុយតាមវិធីនេះ ក៏ត្រូវបានគេនិយាយតៗគ្នាថា អាចប្រឈមហានិភ័យទឹកភ្នែកផងដែរ ព្រោះថា ការទុកលុយនៅក្នុង «កូនជ្រូក» យូរខែ គឺនឹងអាចធ្វើឲ្យពុកលុយ ឬ ក៏ដុះផ្សិតផងដែរ។ ប៉ុន្តែ ការលើកឡើងបែបនេះ មិនបានធ្វើឲ្យមនុស្សជាច្រើនដែលពុំធ្លាប់ជួបជឿនោះឡើយ ដោយនិយាយថា «វាមិនដែល…»។
ជាក់ស្តែង អ្វីដែលយើងគ្រប់គ្នាភាគច្រើនមិនជឿ បានឃើញច្បាស់តាមរយៈការចែករំលែករូបភាពជាច្រើនសន្លឹកនេះស្រាប់ហើយ គឺថាទាំងលុយខ្មែរ និងលុយដុល្លារ រហូតដល់រាប់រយដុល្លារ ត្រូវដុះផ្សិតសឹងតែទាំងស្រុងតែម្តង។ ទោះយ៉ាងណា យើងក៏មិនដឹងដែរថា ការសន្សំលុយក្នុងកូនជ្រូកដ៏ធំនេះ មានរយៈពេលប៉ុន្មានខែឆ្នាំនោះទេ បានជាវាឡើងផ្សិតស្ទើរតែពុកផុយបែបនេះ។
ក្រោយពីបានឃើញបែបនេះ ក៏មានអ្នកកំពុងសន្សំទុកយូរខែដែរ មានការព្រួយបារម្ភថា «មែនក៏អីនុង ខ្ញុំដាក់សន្សំចឹងដែរ២ខែជាងហើយ តិចចឹងដែរទៅ»។ រីឯអ្នកខ្លះទៀត ក៏បានពន្យល់ហេតុផលថា « លុយសើមកុំដាក់ចូលក្នុងកូនជ្រូកអោយសោះ នាំមានហានិភ័យណាស់»។ ខណៈអ្នកខ្លះទៀតដែលធ្លាប់ជួបរឿងនេះ ក៏ឆ្លៀតចូលមកប្រាប់ថា «ខ្ញុំដាក់ហើយបង លទ្ធផលគឺបែបនឹងដែរ ខ្ជិលផុសខ្លាចគេសើច ឥឡូវនេះប្តូរមកដាក់ក្នុងកាបូបវិញ តែល្ងាចឡើងដឹងតែដកមេអស់អាលីងហ្មង!»៕ ដោយ៖ លឹម ហុង