Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ដ្រី​ជាន់​ខ្ព​ល់​ក្រសួងសុខាភិបាល ជំរុញ​អាជ្ញាធរខេត្ត​ព្រះវិហារ ផ្សព្វផ្សាយ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺ​គ្រុន​ឈី​ក និង​ជំងឺគ្រុនចាញ់​

​ព្រះវិហារ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ជំរុញ​ឱ្យ​អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និង​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ការពារ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ជំងឺ​គ្រុន​ឈី​ក និង​ជំងឺគ្រុនចាញ់ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​អាជ្ញាធរ​ខេត្ដ និង​មន្ដ្រី​សុខាភិបាល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ការធ្វើ​ច​ត្តា​ឡី​ស័ក ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែលជា​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ និង​ដែល​នៅជាប់​ព្រំដែន​ប្រទេស​ថៃ និង​ឡាវ​។
​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែង​បែបនេះ កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះវិហារ ក្នុងឱកាស​ចុះ​ពិនិត្យ​ឈ្វេងយល់​ស្ថានភាព ទៅលើ​ប៉ុស្តិ៍​សុខភាព មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក និង​កន្លែង​ផ្សេងៗ​ទៀត ក៏ដូចជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយចំនួន​ក្នុង​ខេត្ត​។

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​មានប្រសាសន៍ថា បញ្ហា​ជំងឺ​កូ​វីដ​-១៩ គឺ​អត់​ទាន់​ចប់​ទេ ថ្វីត្បិតតែ​យើង​មាន​បញ្ហា​ទឹកជំនន់​ក៏ពិតមែន ក៏​យើងទាំងអស់គ្នា​មិនត្រូវ​ភ្លេច​បញ្ហា​បន្ត​កិច្ចការពារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​នោះទេ ពិសេស​ធ្វើយ៉ាងណា​យើង​ត្រូវធ្វើ​ការការពារ​បន្តទៀត ព្រមទាំង​ជំងឺ​គ្រុន​ឈិ​ក និង​ជំងឺគ្រុនចាញ់​។ លោកជំទាវ​វេជ្ជបណ្ឌិត បាន​ថ្លែងថា ក្នុងនាម​ក្រសួងសុខាភិបាល សូម​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរខេត្ត​ព្រះវិហារ ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​នេះ ដែល​រហូតមកដល់​ថ្ងៃនេះ ក្នុង​ខេត្ត​ទាំងមូល​មិនទាន់មាន​ន​ណា​ម្នាក់​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នោះទេ​។ តែ​ទោះបី​យ៉ាងណាក៏ដោយ លោកជំទាវ​បាន​បន្ដថា តែ​ទោះបី​មិនមាន​ការឆ្លង​ក៏​យើង​ត្រូវ​គិត​ទៅមុខ​បន្តទៀត ពីព្រោះ​លទ្ធភាព​នៃ​ការចម្លង​អស់ទាំង​នេះ គឺ​តែងតែ​កើតមាន ពិសេស​ដល់​បងប្អូន​អ្នកដំណើរ​ឆ្លងកាត់​ដែល​ធ្វើដំណើរ​ចុះឡើងៗ ដូចជា​បងប្អូន​ធ្វើដំណើរ​មកពី​ប្រទេសក្រៅ ។​

​លោកជំទាវ​វេជ្ជបណ្ឌិត​បានបញ្ជាក់​បន្ថែម​ថា ករណី​ជំងឺ​កូ​វីដ​-១៩ ដែល​កម្ពុជា​រកឃើញ​ក​ន្ល​ង​មក​សុទ្ធសឹង​ជា​ករណី​ឆ្លង​ចូល​ពី​ក្រៅប្រទេស ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ការពារ​បន្ថែមទៀត ជា​សិ​សេស​ការត្រួតពិនិត្យ​នៅ​ច្រកចេញ​-​ចូល​ព្រំដែន​យើង​ត្រូវតែ​ពង្រឹង​បន្ថែមទៀត ។​

​លោកជំទាវ ឱ វណ្ណឌី​ន បាន​សំណូមពរ​ដល់​ឯកឧត្ដម​អភិបាលខេត្ត ឱ្យ​ពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក ការធ្វើ​ច​ត្តា​ឡី​ស័ក គឺមាន​សារសំខាន់​ណាស់ ដែល​ការទទួលបាន​ជោគជ័យ​របស់​កម្ពុជា គឺ​ការទប់ស្កាត់​បានការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ការអនុវត្ត​នូវ​ការរុករក​អ្នក​ដែល​ប៉ះពាល់​អ្នកជំងឺ និង​អ្នក​ដែល​សង្ស័យ​មាន​ជំងឺ​កូ​វីដ​១៩ បានមក​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​គ្រប់​១៤​ថ្ងៃ​ផងដែរ

​ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ដ​ព្រះវិហារ បាន​ជម្រាបជូន​អំពី​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្តព្រះវិហារ ដែល​បានធ្វើ​តេស្ត​សំណាក​ចំនួន​៥១៩​នាក់ ស្រី​១៧៧​នាក់ ក្នុងនោះ​អវិជ្ជមាន​ចំនួន​៥០៧​នាក់ ស្រី​១៧៤​នាក់ និង​លទ្ធផល​វិជ្ជមាន​០២​នាក់ និង​បានជា​សះស្បើយ​ត្រលប់​ទៅផ្ទះ​វិញ​។ ចំពោះ​ប្រជាពលរដ្ឋ​ចំណាកស្រុក​វិលត្រឡប់​ពី​ក្រៅប្រទេស​នានា​សរុប​៨១៣​នាក់ ក្នុងនោះ​បានធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ចំនួន​២៩១​នាក់ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​ចំនួន​៥២២​នាក់​។ ឯកឧត្តម​អភិបាលខេត្ត​បន្ថែមថា ដើម្បី​ត្រៀម​បង្ការ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជំងឺ​គ្រុន​ឈិ​ក និង​ជំងឺគ្រុនចាញ់ រដ្ឋបាលខេត្ត បាន​ត្រៀម​សម្រាប់​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១ និង​កម្រិត​២ សរុប ៧​កន្លែង ក្នុងនោះ​កម្រិត​១​ចំនួន​៦​កន្លែង និង​កម្រិត​២​ចំនួន​១​កន្លែង ព្រមទាំង​បានផ្តល់​នូវ​ថវិកា​លើកទឹកចិត្ត​ដល់​មន្ត្រី​ប្រចាំការ និង​ក្រុមគ្រូពេទ្យ​ផងដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×