ជាការពិតណាស់ មនុស្សភាគច្រើន តែងមានទម្លាប់រក្សាទុកគ្រឿងផ្សំ ឬ ចំណីអាហារ នៅក្នុងទូទឹកកក ដើម្បីអាចរក្សាគុណភាពបានយូរតាមដែលអាចធ្វើទៅបាន។ ហើយបើទោះដឹងថា គ្រឿងអាហារទាំងនោះបានផុតកាលបរិច្ឆេទកំណត់ ឬ មានសភាពឡើងជូរយ៉ាងណាក្តី ក៏មនុស្សមួយចំនួននៅតែព្យាយាមធ្វើទទួលទាន ដោយពុំបានគិតពីហានិភ័យប៉ះពាល់ដល់សុខភាពនោះទេ។
ជាក់ស្តែង បើយោងតាមសារព័ត៌មានចិន China Daily បានចុះផ្សាយឲ្យដឹងថា មនុស្ស៩នាក់ នៃគ្រួសារមួយ នៅក្នុងទីក្រុង Jixi ខេត្ត Heilongjiang ភាគឦសាននៃប្រទេសចិន បានស្លាប់គួរឲ្យតក់ស្លុត បន្ទាប់ពួកគេបានទទួលទានមីពោតធ្វើហូបនៅផ្ទះជាមួយគ្រឿងផ្សំដែលបានបង្កកទុកអស់រយៈពេលជិត១ឆ្នាំ ខណៈហូបចុកជួបជុំគ្រួសារ។
ក្នុងអំឡុងពេលនៃការជួបជុំគ្នា សមាជិកគ្រួសារ ១២ នាក់ ក្នុងនោះមាន ៩ នាក់ បានបរិភោគ “ Suantangz” ដែលជាមីសរសៃធំធ្វើឡើងពីម្សៅពោតដែលមានជាតិប្រៃ។ តែយ៉ាងណា ក្នុងនោះផងដែរ សមាជិកវ័យក្មេង៣នាក់ ក្នុងចំណោមសមាជិកវ័យក្មេងជាច្រើននាក់ដែលមានវត្តមាន បានមានសំណាងនៅមានជីវិត ក្រោយពីបានបដិសេធបរិភោគមីនោះទេ ដោយសារតែរសជាតិចម្លែករបស់វា។
សូមបញ្ជាក់ថា មនុស្ស ៩ នាក់ ដែលបានហូបមីទាំងនោះ បានចាប់ផ្តើមធ្លាក់ខ្លួនឈឺពីម្នាក់ទៅម្នាក់ ហើយប៉ុន្មានម៉ោងក្រោយមក ៨ នាក់ ក្នុងនោះ ត្រូវបានបញ្ជាក់ថាស្លាប់នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។ ចំណែក ជនរងគ្រោះម្នាក់ទៀត ជាស្ត្រីអាយុ ៤៧ ឆ្នាំ ដែលអាចរស់រានមានជីវិត ខណៈកំពុងទទួលការព្យាបាលនៅនៅមន្ទីរពេទ្យ ក៏បានស្លាប់នៅថ្ងៃបន្ទាប់ផងដែរ។
ជុំវិញករណីនេះ គណៈកម្មការសុខាភិបាលខេត្ត បានចែករំលែកថា មូលហេតុចំបងដែលបណ្តាលឲ្យមានមនុស្សស្លាប់បែបនេះ គឺដោយសារការប្រមូលផ្តុំអាស៊ីតប៊ូខេរិកដែលជាជាតិពុលផ្លូវដង្ហើមផលិតដោយបាក់តេរី pseudomonas cocovenenans ដែលត្រូវបានរកឃើញមិនត្រឹមតែនៅក្នុងមីពោតប៉ុណ្ណោះទេ ប៉ុន្តែវាក៏មាននៅក្នុងក្រពះរបស់អ្នកដែលបានស្លាប់ដែរ។
វាក៏ត្រូវបានគេរកឃើញភាគច្រើននៅក្នុងគ្រឿងផ្សំនៃអាហារធ្វើនៅផ្ទះរបស់ពួកគេ ដែលត្រូវបានបង្កកអស់រយៈពេលជិតមួយឆ្នាំ។
អាស៊ីតបង់គ្រេគីក (Bongkrekic) អាចជាបុព្វហេតុចំបងមួយនៃការពុលពីផលិតផលម្សៅដែលមានសភាពឡើងជូរ ឬឡើងផ្សិតពណ៌ស និងផលិតផលម្សៅកខ្វក់ ។ ហេតុនេះ ការបរិភោគចំណីអាហារដែលកខ្វក់ជាមួយអាស៊ីតបង់គ្រេគីក គឺមិនត្រឹមតែអាចបណ្តាលឱ្យពុលទាំងមនុស្ស និងសត្វប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបណ្តាលឱ្យស្លាប់បានផងដែរ៕ ដោយ៖ លឹម ហុង (ប្រភព៖ worldofbuzz)