តាកែវ ៖នៅក្នុងការចុះត្រួតពិនិត្យទំនិញដាក់តាំងលក់ នៅតាមផ្សារមួយចំនួន នៅមុន ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម មន្ត្រីកាំកុងត្រូលខេត្តតាកែវ បានត្រួតពិនិត្យ រកឃើញទឹកបរិសុទ្ធ ម៉ាក EVA ចំនួន៦០កេស ចំណុះ 750Ml ស្មើនឹង ១៤៤០ដប ដែលហួសកាលបរិច្ឆេទប្រើប្រាស់រយៈពេលជាង១ខែ នៅដេប៉ូ តាំងណាំថាំង ដែលមានទីតាំងស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា បន្ទាប់ពីត្រួតពិនិត្យ រកឃើញទឹកបរិសុទ្ធហួសកាលបរិច្ឆេទ ប្រើប្រាស់ មន្ត្រីរបស់លោកបានធ្វើការរឹបអូស យកទៅបំផ្លាញចោល ហើយក៏បានធ្វើការណែនាំដល់ម្ចាស់ដេប៉ូ ឈប់លក់ទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់ ឬឧស្សាហ៍ត្រួតពិនិត្យមុខទំនិញរបស់ខ្លួន ឲ្យបានញឹកញាប់ ដើម្បីងាយស្រួលធ្វើការផ្លាស់ប្ដូរទៅក្រុមហ៊ុនដើមវិញ។
លោក ប្រធានសាខាកាំកុងត្រូល បានបន្តទៀតថា ប្រសិនបើលើកក្រោយខាងមន្ត្រីជំនាញចុះមកត្រួតពិនិត្យរកឃើញ នូវទំនិញដែល ហួសកាលបរិច្ឆេទ នៅក្នុងដេប៉ូរបស់ខ្លួនបន្តទៀត មន្ត្រីជំនាញនិងធ្វើការ ចាត់ការបន្តទៅ តាមនីតិវិធីច្បាប់។
នៅក្នុងឱកាសនោះដែរ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ ក៏បានធ្វើការអំពាវនាវដល់អាជីវករលក់មុខទំនិញគ្រប់ប្រភេទ នៅគ្រប់ផ្សារទាំងអស់ សូមធ្វើការលក់មុខទំនិញ ណាដែលប្រកបដោយសុវត្ថិភាព និងត្រូវកំណត់ឲ្យច្បាស់ ថាមុខទំនិញរបស់ខ្លួន មិនទាន់ហួសកាលបរិច្ឆេទប្រើប្រាស់។
សូមបញ្ជាក់ផងដែរថា នៅក្នុងការចុះត្រួតពិនិត្យមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្ត បានចុះត្រួតពិនិត្យគ្រប់មុខទំនិញ នៅផ្សារអង្គតាសោម ដោយបានធ្វើតេស្តបឋម ទៅលើសសៃគុយទាវបាញ់កាញ់ មឹក សណ្ដែកបណ្តុះគ្រប់ប្រភេទ ឈាមជ្រូកដោយក្នុងនោះបានរកឃើញសាធារតុគីមីសូដ្យូមអ៊ីដ្រូសូហ្វីតនៅក្នុងស្ករត្នោតចំនួន ៣០ គីឡូក្រាម និងបានដកហូតយកទៅកម្ទេចចោលផងដែល៕ តាកែវ