ភ្នំពេញ៖ ប្រិយមិត្តទស្សនិកជន ជាពិសេសអ្នកស្នេហាវិស័យកីឡាប្រដាល់ បានស្គាល់ច្បាស់ហើយ កូននាគឆ្លង កំពូលកែងមជ្ជុរាជ អតីតកីឡាករ វង្ស ណយ ដែលបានប្រកាសបញ្ចប់អាជីវភាពពីពិភពលោកប្រដាល់ អស់រយៈពេលជិត១ឆ្នាំហើយៗ ក៏បង្កឲ្យមហាជនមួយចំនួននាំគ្នារិះគន់ផងដែរ ក្រោយលោកប្រកាសលាឈប់ដោយពោលពាក្យថា បានត្រឹមមានឈ្មោះល្បី តែចុងក្រោយគ្មានសល់អ្វីជាដុំកំភួន។
តែយ៉ាងណា កីឡាករចិត្តធម៌រូបនេះ ដែលគេតែងឃើញលេចមុខជួយដល់សង្គម តាមរយៈទង្វើមនុស្សធម៌ទៅដល់ជនទីទ័លក្រទៅតាមលទ្ធភាព បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈលោកបានប្រកាសវិលចូលប្រដាល់វិញ កាលពីពេលថ្មីៗនេះ ហើយអ្វីដែលពិសេសនោះ គឺលោកនឹងធ្វើការប្រកួតបើកឆាកជាមួយដៃគូចាស់ កែវ រំចង់ តែម្តង។
សូមបញ្ជាក់ថា កីឡាករ វង្ស ណយ ធ្លាប់បានជួបប្រកួតជាមួយកំពូលជើងខ្លាំង កែវ រំចង់ កាលពី ៦ ឆ្នាំ មុនក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៣ គឺថាបានធ្វើឲ្យរញ្ជួយកក្រើកសង្វៀនប្រដាល់ប៉ុស្តិ៍បាយ័នតែម្តង ដោយពេលនោះ វង្ស ណយ បានបែកមុខយ៉ាងដំណំ តែបានយកឈ្នះ កែវ រំចង់ ក្នុងទឹកទី២ ដោយសារតែ កែវ រំចង់ ត្រូវរងកែងវង្ស ណយ ៣ លើកផ្គួនៗ ហើយចុងក្រោយ សន្លប់ដួលត្រដាបត្រដួសត្រូវអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង។
តែសម្រាប់ការជួបគ្នាលើកទី៤នេះ មិនដឹងថាយ៉ាងណានោះទេ ខណៈ វង្ស ណយ បានធ្វើការបញ្ជាក់ប្រាប់ថា លោកសង្ឃឹម ៥០% ប៉ុណ្ណោះ ព្រោះខានឡើងវ៉ៃជិត១ឆ្នាំហើយ៕ ដោយ៖ លឹម ហុង