ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងដូច្នេះពេលអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១.៣៨២គ្រួសារ រស់នៅក្នុងភូមិចំនួន៤៦ ក្នុងសង្កាត់ចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅថ្ងៃសៅរ៍ ទី ២៤ ខែតុលា ឆ្នាំ២០២០នេះ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានពាំនាំព្រះរាជបន្ទូលរបស់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់ប្រជានុរាស្ត្រគ្រប់ពេលវេលា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវមនោសញ្ចេតនាអាណិតអាសូរ ចែករំលែកនូវការលំបាក ការសោកស្តាយយ៉ាងក្រៃលែង និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារអ្នកស្លាប់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តាំផ្ញើនូវសារអំពាវនាវជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទូទាំងប្រទេសថា ៖ទី១.សូមប្រជាពលរដ្ឋទាំងអស់ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់លង់ទឹកស្លាប់ នាពេលទឹកជំនន់ដែលបណ្តាលឱ្យមានវិប្បដិសារីអស់មួយជីវិត។
ទី២.សូមប្រុងប្រយ័ត្នពីសត្វអាសិរ្ពិសគ្រប់ប្រភេទនាពេលទឹកឡើង និងពេលទឹកស្រកទៅវិញ ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត។ ទី៣. សូមគិតគូរពីសុខភាព និងការរក្សាអនាម័យ ធ្វើយ៉ាងណាគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាករូស ឬជំងឺរាតត្បាតនានា។ ទី៤.នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត និងមានអនាម័យហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។ ទី៥.សូមប្រជាពលរដ្ឋទាំងអស់ នាំគ្នាធ្វើអំពើល្អជួយយកអាសាគ្នា ជួយគ្នាទៅវិញទៅមក ព្រោះថាអំពើល្អមិនចេះសាបសូន្យទេ។ ទី៦.សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ត្រូវពាក់ម៉ាស លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី។
គ្រួសាររងគ្រោះនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប ទឹកសុទ្ធអរុណា១កេស និងឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២) ។ បន្ថែមពីនេះ គ្រួសាររងគ្រោះទាំងអស់នៅបានទទួល នំប៉័ងបាក់យ៉ុង ១ដើម និងទឹកសុទ្ធ ១ដប ដែលឧបត្ថម្ភដោយសាលារាជធានីភ្នំពេញ។ នៅក្នុងខណ្ឌពោធិ៍សែនជ័យនេះ មានសង្កាត់ចំនួន៧ ក្នុងនោះមានសង្កាត់ចំនួន៦ ដែលទទួលរងគ្រោះដោយទឹកជំនន់ ដែលមានផ្ទះចំនួន ៤.០៥២ខ្នង រងផលប៉ះពាល់ និងមានប្រជាពលរដ្ឋរងគ្រោះសរុប ៣.១៨២គ្រួសារ (ស្មើនឹង ១៨.៤២២នាក់)។
បន្ទាប់មកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវទេយ្យទានប្រគេនវត្តកំពែង រួមមាន ៖ អង្ករ ២០០គីឡូក្រាម មី ១០កេស ត្រីខ ៤០កំប៉ុង ត្រីងៀត ១០គីឡូក្រាម សាច់ក្រក ១០គីឡូក្រាម ស្ករស ១០គីឡូក្រាម ទឹកដោះគោខាប់ ២កេស អូវ៉ាន់ទីន ២កេស តែ ១០គីឡូក្រាម ទឹកក្រូច ១០កេស ទឹកសុទ្ធ ១០កេស និងបច្ច័យ ៥.០០០.០០០រៀល (ប្រាំលានរៀល)។ ប្រគេនព្រះចៅអធិការ សាដក១ បច្ច័យ ១លានរៀល។ ប្រគេនព្រះសង្ឃ ១៩អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ ២០ម៉ឺនរៀល។ ជូនតាអាចារ្យនិងគណៈកម្មការវត្ត ២១នាក់ និងយាយជី ២០នាក់ ក្នុងម្នាក់ៗថវិកា ៥០.០០០រៀល និងក្រណាត់ស១ដុំ រួមជាមួយថវិកា១០.០០០រៀល។ ជូនកូនសិស្សបម្រើព្រះសង្ឃ ៤នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល៕ដោយ៖ឡេង បញ្ញាឬទ្ធិ